ក្រុមបាល់ទាត់នារីសាលារៀនបញ្ញវន្តខ្មែរបានឈ្នះម្ចាស់ដំណែងជើងឯកការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះក្រុមនារីស្អាងយើងស្អាត ដោយលទ្ធផលបច្ចេកទេស ៤-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល។

ជាមួយនឹងការប្រកួតយ៉ាងស្វិតស្វាញ ក្រុមសាលារៀនបញ្ញវន្តខ្មែរ ដែលដណ្តើមបានជើងឯក ទទួលបានមេដាយមាស ពានរង្វាន់ អមដោយប្រាក់រង្វាន់ ខណៈក្រុមស្អាងយើងស្អាតទទួលបានជើងឯករង ទទួលបានមេដាយប្រាក់។ រីឯក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ ក្រោយពីបានយកឈ្នះក្រុមវិទ្យាលល័យ ហ៊ុន សែន តាខ្មៅ ដោយលទ្ធផល ៣-១។    ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥មានការអញ្ជើញចូលរួមពីលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល  និងប្រតិភូដឹកនាំក្រុមទំាង៦។

 លោក ចេង សំអ៊ុល បានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះ ជាការបណ្តុះស្មារតីដល់កីឡាការិនីខេត្តកណ្តាលឱ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឱ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឱ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

ការប្រកួតកីឡាបាល់ទាត់ផ្នែកនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។ ការហ្វឹកហាត់ក្នុងវិស័យកីឡាប្រៀបបាននឹងការអប់រំរៀនសូត្រតាមសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឱ្យកីឡាករ កីឡាការិនីមានគុណភាពបច្ចេកទេស និងក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕