លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី25 ខែកុម្ភៈថាលោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី ចង់មកទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់ ដែលជាការជំរុញរបស់ទីក្រុង គៀវ ដើម្បីទទួលបានការគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ លោក ត្រាំ ក៏បានបញ្ជាក់ថា ទម្រង់នៃកងទ័ពរក្សាសន្តិភាពមួយចំនួន នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមត្រូវបានធ្វើឡើង ខណៈដែលទីក្រុងមូស្គូ ដែលបានបើកការឈ្លានពានកាលពីបីឆ្នាំមុន បានប្រឆាំងម្តងហើយម្តងទៀតក្នុងការបញ្ជូនកងទ័ពអង្គការណាតូទៅកាន់អ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេ ថាតើកិច្ចព្រមព្រៀងនេះមានការធានាសន្តិសុខជាក់លាក់ណាមួយសម្រាប់ប្រទេសអ៊ុយក្រែនពីសហរដ្ឋអាមេរិក ឬក៏ត្រូវបញ្ជូនជំនួយយោធាបន្ថែមនោះទេ។