កណ្តាល ៖
បាបកម្មទាន់ហន់ មិនចាំជាតិក្រោយ ដែលបុរសអតីតសង្សាកុហក់ស្ត្រីជាអតីតសង្សា ថា អោយមកយកគ្រឿងសមុទ្រ ពេលមកដល់មុខបន្ទប់ បែរជាយកកាំបិតចុងស្រួចភ្ជុងសំឡុត រួចច្របាច់ក នាងរហូតសន្លប់ ដោយស្មានថាស្លាប់ ក៏ប្រញាប់ធ្វើអត្តឃាតដោយចងកស្លាប់ម្នាក់ឯង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជួលរបស់បុរសរងគ្រោះ (សព) ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោងទី(១) ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកវរៈសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់អោយដឹងថា÷បុរសរងគ្រោះ(សព) មានឈ្មោះ ផៃ យ៉ុន ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរបើករថយន្តដឹកសិស្ស ទីលំនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមមុខកំពូល ខេត្តកណ្តាល ។
ចំពោះវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ មាន៖ កាំបិតចុងស្រួចដងជ័រចំនួន០១, ទូរស័ព្ទម៉ាកOppo ចំនួន០១គ្រឿង ,ស្ពីកឃឺរ័ ចំនួន០១គ្រឿង ,កៅអីជ័រ ពណ៌ក្រហមចំនួន៤ត្រួតលើគ្នា, ខ្សែភ្លើងចំនួន០២សរសៃ ពណ៌ខៀវនិងក្រហម ប្រវែង១ម៉ែត។ ចំនែកស្ត្រី ជាអតីតសង្សាមានឈ្មោះ ឃៀង រតនា ជាអ្នកគ្រូបង្រៀនភាសារអង់គ្លេស CSL (សាលាធ្វើការជាមួយគ្នា) ។
លោកអធិការបន្តទៀតថា ជនរងគ្រោះដែលធ្វើអត្តឃាតចងកស្លាប់ខ្លួនឯងនេះ ធ្លាប់មានប្រពន្ធមានកូន០១នាក់ បានបែកបាក់គ្នាហើយនៅកំឡុងឆ្នាំ២០២៤។ ជនរងគ្រោះ បានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងនៅកន្លែងកើតហេតុ ដោយធ្វើការជាតៃកុងឡានដឹកសិស្សសាលាឯកជនភាសាអង់គ្លេស CSL ហើយ ក៏បានស្គាល់អ្នកគ្រូ ឃៀង រតនា រួចក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា។
រហូតមកដល់កំឡុងដើមខែកុម្ភៈឆ្នាំ២០២៥ ជនរងគ្រោះ(សព) ចាប់ផ្តើមប្រចណ្ឌ និងតែងតែប្រើពាក្យគំរាមទៅលើសង្សារដោយនិយាយថា បើខ្លួនមិនបាន អ្នកណាផ្សេងក៏មិនបានដែរ ដោយមិនចូលចិត្តនិងទង្វើរបស់ជនរងគ្រោះ អ្នកគ្រូ ឃៀង រតនា ក៏សុំផ្តាច់ទំនាក់ទំនងគ្នា តែភាគ្គីខាងបុរស មិនព្រម និងតែងតែសុំអង្វរសុំត្រូវគ្នាវិញ ។
លុះនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ ជនរងគ្រោះក៏បានឆាត ដោយកុហក់ថាខ្លួនបានទិញគ្រឿងសមុទ្រយកមកផ្ញើ ដោយអោយអ្នកគ្រូ ទៅយកនៅបន្ទប់ជួលរបស់ខ្លួន ។
ក្រោយចេញពីបង្រៀននៅវេលាម៉ោង១១និង១០នាទី អ្នកគ្រូ ឃៀង រតនា ក៏បានជិះម៉ូតូមកបន្ទប់ជួលរបស់ជនរងគ្រោះ និងក៏បានដើរចូលទៅក្នុងបន្ទប់។ ភ្លាមនោះបុរសជាជនរងគ្រោះ បានទាញទ្វាបន្ទប់បិតហើយចាក់គន្លឹះទ្វាជាប់ រួចយកកាំបិតចុងស្រួចភ្ជុងទៅលើអ្នកគ្រូអតីតសង្សារ ដោយនិយាយថា÷ជាតិក្រោយចាំពួកយើងជួបគ្នា !! តែដោយអ្នកគ្រូលើកដៃសំពះអង្វរ។ ជនរងគ្រោះក៏ដាក់កាំបិតចុះហើយច្របាច់កអ្នកគ្រូ ផ្តួលទៅលើពូក បណ្តាលឲ្យ អ្នកគ្រូថប់ដង្ហើមសន្លប់បាត់ស្មារតី ដោយឃើញអតីតសង្សារខ្លួនសន្លប់នឹកស្មានថាស្លាប់បាត់បង់ជីវិត ភាគីខាងបុរស ក៏ប្រញាប់ទៅចងកសម្លាប់ខ្លួនឯងដោយប្រើខ្សែរភ្លើងចំនួន០២សរសៃ ចងភ្ជាប់ទៅនិងឥដ្ឋខ្យល់លើបង្អួច។
ចំណែកអ្នកគ្រូ ឃៀង រតនា ក្រោយពីភ្ញាក់ដឹងខ្លួនពីសន្លប់ ក៏ឃើញជនរងគ្រោះចងកស្លាប់ ក៏បានទូរស័ព្ទរាយការណ៍ទៅនាយកសាលារបស់ខ្លួន ហើយក៏មានការភ្ញាក់ផ្អើលដល់ម្ចាស់បន្ទប់ជួល និងដល់សមត្ថកិច្ចប៉ុស្តិ៍។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញ សពជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត ចងក។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យឈ្មោះ ផៃ រុន ត្រូវជាបងបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕