ភ្នំពេញ ៖
ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានស្ទង់មតិពីតម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ ។
ក្រសួង បានដាក់ជាសំណួរថា បើសិនមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តើចង់ឱ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មាន រហូតដល់តម្លៃខ្ពស់បំផុតប៉ុន្មាន?
* ក. ចាប់ពី ២០០.០០០៛ (២សែន រៀល) ដល់ ៨.០០០.០០០៛(៨លាន រៀល)
* ខ. ចាប់ពី ១០០.០០០៛ (១សែន រៀល) ដល់ ១២.០០០.០០០៛(១២លាន រៀល)
* គ. ផ្សេងៗ។
តាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) ដើម្បីបង្ខិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ។
លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។ បើគ្មានការប្រែប្រួលទេ ប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ ៕