លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងកំពូលមហាសេដ្ឋីក្រុមហ៊ុន ថេសឡា អ៊ីឡុន ម៉ាស បានរិះគន់ទីភ្នាក់ងារជំនួយបរទេស យូសេដ (USAID) ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារ ទី11 ខែកុម្ភៈ ដោយហៅអង្គការនេះថា "អសមត្ថភាព" និង "ពុករលួយ"។ អង្គការភ្នាក់ងារមនុស្សធម៌របស់សហរដ្ឋអាមេរិក យូសេដ នេះ បានក្លាយជាគោលដៅដំបូងនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ាស ដើម្បីកាត់បន្ថយការចំណាញរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងនាមជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា បទបញ្ជាដែលដាក់ចេញកាលពីថ្ងៃទី 20 ខែមករា របស់លោកប្រធានាធិបតី ត្រាំ ក្នុងការបង្កកជំនួយបរទេសភាគច្រើនរបស់សហរដ្ឋអាមេរិក ដែលស្របតាមគោលនយោបាយ អាមេរិកមុនគេ ឬ អាមេរិកា ហ្វឺស "America First" បានបញ្ឈប់កម្មវិធីជំនួយរាប់រយទៅកាន់ពិភពលោក ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ។