ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿង និងប្រាក់ឧបត្ថម្ភមួយចំនួនទៀតសម្រាប់ជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំ បន្ទាប់ពីពួកគេបានឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា«តេជោលីគ» ឆ្នាំ២០២៥។

រង្វាន់ម៉ូតូ និងប្រាក់ឧបត្ថម្ភបន្ថែមមួយចំនួនទៀតជាការផ្តល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។

ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាក្រុមបាល់ទះតែមួយគត់បានឈ្នះពានរង្វាន់តេជោលីគ និងជាការឈ្នះពាន២លើកជាប់គ្នា បន្ទាប់ពីពានរង្វាន់បាល់ទះលំដាប់កំពូលមួយនេះទើបត្រូវបានបង្កើតឡើងពីរឆ្នាំ។

ក្នុងនាមជាជ័យលាភីលេខ១ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបានពានរង្វាន់ មេដាយមាស និងប្រាក់រង្វាន់ចំនួន៦០លានរៀល។ អ្វីដែលកាន់តែពិសេសសម្រាប់កីឡាករ និងក្រុមការងារគ្រូបង្វឹកគឺទទួលបានប្រាក់ឧបត្ថម្ភបន្ថែម និងរង្វាន់ម៉ូតូថ្មីសន្លាងម្នាក់១គ្រឿងថែមទៀត៕