ក្រុមប្រដាល់គុនខ្មែររបស់កម្ពុជា និងក្រុមប្រដាល់មួយថៃរបស់ថៃ ពិតជានឹងត្រូវធ្វើការប្រកួតគ្នាមែន តែមិនមែនជាការប្រកួតប្រដាល់នៅលើសង្វៀននោះទេ គឺជាការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមធ្វើសន្និសីទកាសែតជាមួយភាគីថៃ នៅទីក្រុងបាងកក កាលពីថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមប្រដាល់គុនខ្មែរ និងក្រុមប្រដាល់មួយថៃ នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ហើយក្រុមបាល់ទាត់តារាកម្ពុជា ក៏ត្រូវប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ នៅថ្ងៃនោះដែរ។
ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់តាមរយៈការបង្ហោះសារបែបនេះថា ក្រុមតារាល្បីៗរួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber, Vlogger, តារាTikTok នៃប្រទេសកម្ពុជា និងថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់មួយថៃ នឹងធ្វើការប្រកួតបាល់ទាត់នៅលើវាលស្មៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ៕
លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ បានលើកឡើងដែរថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករជាតារាល្បីៗ របស់ថៃ និងកីឡាករជាតារាល្បីៗរបស់កម្ពុជា ចូលរួមជាកីឡាករ ក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗរបស់កម្ពុជា និងកីឡាករល្បីៗរបស់ថៃ មានចំនួន៥០នាក់។ គោលបំណងរបស់យើង គឺចង់ឱ្យប្រទេសយើងទាំង២ មានសន្តិភាពជាមួយគ្នារហូតតទៅ។
លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ផងដែរថា មុននៃការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់ជាបន្តបន្ទាប់ អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាប នោះគឺជាការប្រកួតមិត្តភាព រឹតចំណងមិត្តភាព នៃប្រទេសទាំង២។