រាជធានីភ្នំពេញ ៖
ក្រុមចោរឆក់ចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្ទាប់ពីធ្វើសកម្មភាពឆក់ជាបន្តបន្ទាប់ចំនួន២ករណី ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ ស៊ឹម សុខលាប ភេទប្រុស អាយុ១៧ឆ្នាំ ,២-ឈ្មោះ គ្រៀល រតនា ភេទប្រុស អាយុ១៧ឆ្នាំ,៣-ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ។
លោកវរៈសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤៥នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចផ្ទះលេខ២ឌ ផ្លូវបេតុង ក្រុម៣ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យនេះ ពាក់ព័ន្ធ០២ករណី៖ករណីទី១. អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២០ និង ៤០នាទី ស្ថិតនៅ ចំណុចមុខបុរីជីកម៉ុង ផ្លូវ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងករណីទី២ .អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែករ) កាពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧និង០០នាទីល្ងាចស្ថិតនៅ ចំណុចមុខបុរីជីកម៉ុង ផ្លូវ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតវត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១KR-៨៦៣០ ចំនួន១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕