នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណថ្នាក់មូលដ្ឋានជំនាន់ទី៣ ជាផ្លូវការដែលចាប់ដំណើរការពីថ្ងៃទី៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយវគ្គរៀបចំឡើងនៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជាថា វគ្គបណ្តុះបណ្តាលកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី៣ ឆ្នាំ២០២៥ នេះ ដោយមានសិក្ខាកាមចូលរួមសរុប ៣០នាក់ ក្នុងនោះមាននារី៣ នាក់មកពីបណ្តាក្លឹបកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជាតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។
លោកស្រីបានបន្តថា វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋានជំនាន់ទី៣ មានសារសំខាន់សិក្ខាកាមជាគ្រូបង្វឹកបានយល់ដឹងកាន់តែស៊ីជម្រៅពីក្រមសីលធម៌គ្រូបង្វឹក ជាពិសេសគ្រូបង្វឹកបុរសនៅតាមបណ្តាក្លឹបកីឡាកាយវប្បកម្មទំាំងអស់ ក្នុងការហ្វឹកហាត់កូនសិស្សស្រី្ត មិនត្រូវយកដៃទៅប៉ះចំណុចសំខាន់មួយចំនួនលើដងកូនសិស្សស្រី្ត និងសកម្មភាពហាត់មួយចំនួនទៀត គ្រូបង្វឹកក៏មិនអាចឈរនៅពីមុខ ឬខាងក្រោយបានឡើយ។
លោកស្រីអគ្គលេខាធិការបានបញ្ជាក់ថា សហព័ន្ធនឹងបានអញ្ជើញអ្នកជំនាញផ្នែកសារធាតុហាមឃាត់ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ ដើម្បីឲ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនី កាយវប្បកម្មប្រហែល ៣០ នាក់យើងបានយល់កាន់តែច្បាស់ ពីសារធាតុហាម ឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់ នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។
វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋានជំនាន់ទី៣ នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់។
សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានយកចិត្តទុកដាក់លើលោកគ្រូ កីឡាករ -កីឡាការិនីដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់ គ្រងអភិវឌ្ឍប្រភេទកីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់៕