ភ្នំពេញ ៖
នារីជាកម្មការិនីម្នាក់ ត្រូវបានរថយន្តប្រភេទយីឌុប បុកពីក្រោយអូសប្រមាណ២០ម៉ែត្រ បណ្ដាលឱ្យស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព ខណៈពេលដែលសុំច្បាប់រោងចក្រទៅលេងកូននៅសង្កាត់ព្រែកលៀប។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះ ផ្លោក សេង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-1769 ។
តាមសាក្សី បានឱ្យដឹងថា ថ្ងៃមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តប្រភេទយីឌុប ដឹកមួយគ្រឿងបើកបុកពីក្រោយអូសប្រមាណ ២០ម៉ែត្រ បណ្ដាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាពហើយបានស្លាប់តាមផ្លូវ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តក៏បានគេចខ្លួនបាត់។
តាមក្រុមគ្រួសារ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានសុំច្បាប់រោងចក្រនៅម្ដុំផ្សារព្រៃទា ដើម្បីទៅមើលកូននៅសង្កាត់ព្រែកលៀប ប៉ុន្តែនៅពេលធ្វើដំណើរតាមផ្លូវក៏បានជួបគ្រោះថ្នាក់តែម្ដង។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅ ក៏បានចុះទៅស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរករថយន្តបង្ក។
ចំពោះសព ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច បញ្ជូនអធិការដ្ឋាននគរខណ្ឌព្រែកព្នៅ ដើម្បីបន្តនីតិវិធី៕