លោក នូលី រីខត (Noly Record) ចាត់ទុកថាជាតារាចម្រៀង Original Song ដ៏ជោគជ័យម្នាក់នៅលើវិថីសិល្បៈ ដោយបទចម្រៀងរបស់លោកភាគច្រើន សុទ្ធតែត្រូវចិត្តមិត្តយុវវ័យអ្នកស្តាប់នាពេលបច្ចុប្បន្ន។ ជាក់ស្តែងបទ “លក់គោយន្ត” របស់តារាចម្រៀងរូបនេះ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីមហាជនអ្នកស្តាប់នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ បទចម្រៀងខាងលើថែមទាំងមានការយកទៅច្រៀងសារឡើងវិញ ពីសំណាក់តារាចម្រៀងនៅក្នុងស្រុកជាហូរហែផងដែរ។ ដ្បិតថា កន្លងមកលោកខំសន្សំប្រជាប្រិយភាពអស់ពេលរាប់ឆ្នាំមកហើយក្តី ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងដែលមានទឹកដមសំនៀងផ្អែមស្រទន់ ម្ចាស់បទដ៏ល្បីល្បាញ “លក់គោយន្ត” ខាងលើ បែរជារងការរិះគន់យ៉ាងចាស់ដៃទៅវិញ ក្រោយពេលរូបលោក បានឡើងច្រៀងនៅលើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ។
ការដែលមហាជនលើកទ័ពមករិះគន់ទៅលើតារាចម្រៀងរូបនេះ ក្រោយពេលដែលលោក បានបកស្រាយបទចម្រៀងមួយដែលមានចំណងជើងថា “មិនបង្ហាញតែមិនលាក់បាំង” ជាប្រភេទអាខសស្ទីក (Acoustic) ពោលគឺមហាជនទាំងនោះបាននាំគ្នារិះគន់ថា “ច្រៀងអត់ច្បាស់ទេ ឡើងត្រឡាន់”, “ពេលច្រៀងក្នុងស្ទូឌីយ៉ូកែសំឡេងពេក ដល់ពេលច្រៀងផ្ទាល់ចង់ចេញអាចម៍”, “មួយបទនេះសាហាវជាងបទ Lady បង ព្រាប សុវត្ថិ ទៀត មើលទៅដូចពិបាកដល់ហើយ” និងមានមតិរិះគន់ផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងការរិះគន់ខាងលើ ក៏មានមហាជនមួយចំនួនបានធ្វើការលើកសរសើរ និងចេញមកការពារ Idol របស់ខ្លួនពីអ្នករិះគន់ទាំងនោះផងដែរ។
យ៉ាងណាមិញ ក្រោយពេលមានទាំងមតិរិះគន់ និងមតិគាំទ្របែបនេះ លោក នូលី ដែលជាម្ចាស់បទ ក៏បានស៊ែរបទដែលខ្លួនបានច្រៀង ព្រមទាំងសរសេរ Caption បែបលេងសើចយ៉ាងដូច្នេះថា “ខ្ញុំ Cheer guy តាំងពីដើមមកអត់ចេះតុសិចទេ ចេះតែវ៉ៃសី”។
គួរឱ្យដឹងដែរថា បទ “មិនបង្ហាញតែមិនលាក់បាំង” របស់លោក នូលី រីខត (Noly Record) បានចេញផ្សាយនៅលើគណនេយ្យ YouTube កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មកម្ល៉េះ ដោយគិតមកត្រឹមពេលនេះមានរយៈពេលប្រហែលជាបីខែហើយ ចំណែកឯអ្នកចុចទស្សនាបទនេះវិញ គឺមានចំនួនលើសពី ៤ លានដងឯណោះ៕