ឆ្លងតាមការប្រកួតរយៈពេល៤ថ្ងៃ ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ទទួលបានលទ្ធផលល្អ ដែលធ្វើឱ្យសហព័ន្ធមានលទ្ធភាពជ្រើសរើសកីឡាករ កីឡាការិនីថ្នាលឆ្នើមៗកំពុងមានសក្តានុពល និងបទពិសោធបច្ចេកទេសខ្ពស់ ដែលចាត់ទុកជាធនធានបន្តវេន ក្នុងចូលរួមប្រកួតប្រជែងកម្រិតជាតិ និងអន្តរជាតិ ស្របនឹងទិសដៅផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ដែលសហព័ន្ធប្រដាល់គុនខ្មែរកំពុងធ្វើជាប់ជាប្រចាំ។

នេះជាការលើកឡើងរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងឱកាសពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តម ខូវ ឆាយ បានជម្រាបជូនថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គណៈកម្មាធិការរៀបចំការប្រកួត ឯកឧត្តមបានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តម និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៤ នាពេលនេះ។

តាមរយៈការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការជួយឧបត្ថម្ភធំពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានរៀបចំ ឱ្យមានការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ គឺជាការបោះជំហានថ្មីមួយទៀតផ្តល់ឱកាសឱ្យគ្រប់សមាគម ក្លឹបទូទាំងប្រទេសអាចបញ្ជូនកីឡាករ កីឡាករិនីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតធំៗ។ នេះគឺជាយុទ្ធនាការកសាងធនធានមនុស្សនៅកម្រិតមូលដ្ឋាន ដើម្បីបន្តនិរន្តរភាព និងរក្សាបានគុណផលកីឡាធ្វើឱ្យប្រដាល់គុនខ្មែរ នៅតែជាកីឡាសក្តានុពល និងឈានមុខនៅកម្ពុជា ក៏ដូចជាការប្រកួតកម្រិតអន្តរជាតិទាំងក្នុងប្រទេស និងក្រៅប្រទេស ពិសេសធ្វើឱ្យអត្តពលិកប្រដាល់គុនខ្មែរវ័យក្មេងបានបញ្ចេញទេពកោសល្យ ពង្រឹងបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅឱ្យការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ល្អ ដោយយើងចាប់ផ្តើមពីកម្រិតផ្ទាល់នេះផ្ទាល់តែម្តង។

ជាងនេះទៀត ដើម្បីបំផុសគំនិតយុវជន មហាជន សិស្សានុសិស្ស ឱ្យស្រឡាញ់ចូលចិត្ត និងលេងកីឡាប្រដាល់ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗដែលបង្កផលប៉ះពាល់នៅក្នុងសង្គម ស្របតាមយុទ្ធនាការអប់រំ ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។ការប្រកួតនេះមានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានីខេត្តបានចុះឈ្មោះចូលរួមមានចំនួន១៥ រួមមាន ដោយមានកីឡាករ កីឡាការិនីសរុប ១៣៩នាក់ (កីឡាករ ១០៦នាក់ និងកីឡាការិនី ៣៣នាក់)។ ចំពោះប្រាក់រង្វាន់ជ័យលាភី រួមមាន៖ មេដាយមាស ទទួលបានប្រាក់រង្វាន់ ២ លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់១លាន២សែនរៀល, មេដាយសំរឹទ្ធ ទទួលបានប្រាក់រង្វាន់ ៦០ ម៉ឺនរៀល។

ឯកឧត្តម ខូវ ឆាយ បន្ថែមថា ការប្រកួតនេះ ក៏នឹងមិនអាចសម្រេចទៅបាននោះទេ បើសិនគ្មានការសហការពីមន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ តម្លាភាព យុត្តិធម៌ និង ការទទួលខុសត្រូវខ្ពស់ និងតំណាងប្រតិភូសមាគម គ្រូបង្វឹក បានគោរព និងអនុវត្តបទបញ្ជាការប្រកួតបានល្អប្រសើរ ដោយមិនបានបង្កបាតុភាពអសកម្ម និងទម្លាប់មិនល្អ ដែលជាគំរូអាក្រក់ដល់យុវកីឡាករ កីឡាការិនីយើងជំនាន់ក្រោយឡើយ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងគាំទ្ររាល់គ្រប់សកម្មភាព ក្នុងការដឹកនាំ អភិរក្ស និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរ មានវត្តមានជាអធិបតីនៅទីនេះជាសក្ខីភាពស្រាប់។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសឯកឧត្តមអគ្គនាយកដ្ឋានកីឡា ដែលតែងយកចិត្តទុកដាក់ និងគាំទ្រដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាបន្តបន្ទាប់។

គួរបញ្ជាក់ថា លទ្ធផលបច្ចេកទេស ក្នុងចំណោម១៦វិញ្ញាសា និង១៥សមាគមរាជធានី-ខេត្ត រួមមាន៖ សមាគមកីឡាប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុប ១០គ្រឿង មានមេដាយមាស ៧ ប្រាក់២ និងសំរឹទ្ធ១, លេខ២ ខេត្តបាត់ដំបង មេដាយសរុប ១០គ្រឿង មាស២ ប្រាក់២ និងសំរឹទ្ធ៦, លេខ៣ ក្រសួងមហាផ្ទៃ មេដាយសរុប ៧គ្រឿង មាស ២ ប្រាក់ ២ សំរឹទ្ធ៣, លេខ៤ ខេត្តបន្ទាយមានជ័យ មាស២ ប្រាក់១ និងសំរឹទ្ធ៤ ខណៈខេត្តព្រវៃវែង ខេត្តស្វាយរៀង និងសៀមរាប ទទួលបានមេដាយមាស ម្នាក់១គ្រឿងដូចៗគ្នា និងមេដាយប្រាក់ និងសំរឹទ្ធមួយចំនួនទៀត៕