ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ទាំងលោកប្រធានាធិបតីរុស្ស៊ី ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានបង្ហាញពីបំណងចង់បានសន្តិភាព ក្នុងការជជែកតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា កាលពីថ្ងៃពុធ ទី12 ខែកុម្ភៈ ខណៈដែលលោក ត្រាំ បានបញ្ជាឲ្យមន្ត្រីកំពូលអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន។ បន្ទាប់ពីបានជជែកជាមួយលោកពូទីនអស់រយៈពេលជាងមួយម៉ោង លោក ត្រាំ បាននិយាយថា មេដឹកនាំរុស្ស៊ី មានបំណងចង់បញ្ចប់សង្រ្គាម និងថាបទឈប់បាញ់នឹងអាចកើតមានឡើងក្នុងពេលឆាប់ៗខាងមុខ។គួរបញ្ជាក់ផងដែរថា ការសន្ទនានេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់លោក ត្រាំ បាននិយាយថាទីក្រុង គាវ នឹងត្រូវបោះបង់ចោលនូវគោលដៅដែលចង់បានជាយូរមកហើយរបស់ខ្លួន ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាអង្គការណាតូ និងការចង់បានមកវិញនូវទឹកដីទាំងអស់របស់ខ្លួនដែលរុស្ស៊ីវាយដណ្តើមបាន ដែលនេះ ជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសង្រ្គាមនៅប្រទេសអ៊ុយក្រែន។