ក្រុមបាល់ទាត់គុនខ្មែរ និងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នឹងត្រូវប្រកួតមិត្តភាពសប្បុរសធម៌ក្រោមប្រធានបទ«បរិច្ចាគឈាម ១០០០សាក់» នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានស្ដាតចាស់។ លោក ឌឿន ច័ន្ទសាលុច បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមតេលេក្រាមថា ការប្រកួតសប្បុរសធម៌នេះ ទទួលបានការគាំទ្រពីសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយសម្ដេច ក៏លើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនប្រកាន់និន្នាការនយោបាយឡើយ។
អនុប្រធានក្រុមបាល់ទាត់ដដែល បានបញ្ជាក់ថា អ្នកចូលរួមបរិច្ចាគឈាម គឺជាពិធីករ-ពិធីការិនីផ្នែកកីឡា, កីឡាករ-កីឡាការិនីគុនខ្មែរ, អត្ដពលិកកីឡាទោចក្រយាន, អត្ដពលិកកីឡាយានយន្ដ, ក្រុមអ្នកហាត់កីឡាអត្ដពលកម្ម និងបុគ្គលិកក្រុមហ៊ុនដៃគូរសហការ។
លោក ឌឿន ច័ន្ទសាលុច បានបន្ដទៀតថា ពិធីករ-ពិធីការិនី ៤០នាក់ និងកីឡាករ-កីឡាការិនី ១០នាក់ បានបរិច្ចាគដោយជោគជ័យ ខណៈអ្នកចុះឈ្មោះផ្សេងទៀត បន្ដត្រៀមខ្លួនបរិច្ចាគឈាម។ ដោយឡែក ក្នុងចំណោម ៦០០នាក់នោះ អ្នករត់ម៉ូតូកង់បី ចំនួន ៥០នាក់ ក៏បានចុះឈ្មោះបរិច្ចាគឈាមដែរ។. តាមការបញ្ជាក់ពី លោក DJ. Lux គោលបំណង នៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ និងការបរិច្ចាគឈាម ១០០០សាក់ ដើម្បីចូលរួមជួយសង្គមតាមរយៈសកម្មភាពកីឡា។ ម្យ៉ាងវិញទៀត សកម្មភាពនេះ ក៏ជាការបង្ហាញពីអត្ថប្រយោជន៍សម្រាប់សុខភាព តាមរយៈការបរិច្ចាគឈាម ដែលអាចកាត់បន្ថយជំងឺមួយចំនួនដូចជា កាត់បន្ថយភាពតានតឹង កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល ទប់ស្កាត់ជំងឺមហារីក និងកាត់បន្ថយកូឡេស្តេរ៉ុល និងកាត់បន្ថយជាតិដែក ដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងបេះដូង។។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស៊ីថូ ណាថាន់ និងលោក ឌឿ ច័ន្ទសាលុច ក្នុងគោលបំណងប្រមូលពិធីករ-ពិធីការិនីក្នុងវិស័យកីឡា ចូលរួមព្រឹត្តិការណ៍សង្គមតាមរយៈការប្រកួតកីឡាដើម្បីសប្បុរសធម៌ ហើយក្រុមនេះ ត្រូវបានបង្កើតឡើងនៅចុងខែតុលា ឆ្នាំ២០២៤៕