ភ្នំពេញ ៖ 

មន្រ្តីយោធាម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង ដោយសារតែជិះម៉ូតូបុកជាមួយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក កំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យដួល ហើយក៏ត្រូវបានរថយន្តនោះកិនថែមទៀត ។ 

ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ីជីនពីង កែងផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យ៉ន វុធ អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយជ្រុំ ខេត្តស្វាយរៀង  ជាមន្រ្តីយោធានៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានឋានន្តរស័ក្ដិពលបាលទោ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថានៅវេលាម៉ោងកើតហេតុ គាត់បានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1M-7921  ធ្វើដំណើរតាមមហាវិថីស៊ី ជីនពីងក្នុងទិសដៅពីជើងទៅត្បូង ។ ពេលនោះ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7753 មួយគ្រឿង កំពុងបើកបរតាមតាមមហាវិថីស៊ី ជីនពីរក្នុងទិសដៅពីត្បូងទៅជើង ។

សាក្សីដដែល បាននិយាយបន្តទៀតថាលុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តសណ្ដោង បានបត់ឆ្វេងឆ្លងផ្លូវឡើងទៅតាមផ្លូវលេខ១០៤ ក្នុងទិសដៅពីកើតទៅលិចវិញ ហើយក៏ត្រូវយុវជនរងគ្រោះកំពុងជិះម៉ូតូលឿនទៅដល់ទៅបុកតែម្ដង ។ ខណៈនោះបណ្ដាលឲ្យដួលម៉ូតូ ហើយខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាម ៗនៅនិងកន្លែងតែម្ដង ។ 

ក្រោយពេលកើតហេតុ អ្នកបើកររថយន្ត បានត់គេចខ្លួនប៉ុន្តែត្រូវប្រជាពលរដ្ឋចាប់បានរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍គងនយ បន្ទាប់មក នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនាំយករថយន្តបង្កនិងអ្នកបើកបរ ព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់ រួចប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕