ប្រជាជនប៉ាឡេស្ទីន រដ្ឋអារ៉ាប់ អឺរ៉ុប និងរដ្ឋាភិបាលផ្សេងទៀត បានច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញផែនការ "កាន់កាប់" តំបន់ហ្គាហ្សា និងការតាំងទីលំនៅថ្មីជាអចិន្ត្រៃយ៍សម្រាប់ប្រជាជនប៉ាឡេស្ទីននៅប្រទេសជិតខាង។ ការិយាល័យលោកប្រធានាធិបតីប៉ាឡេស្ទីន ម៉ាម៉ូដ អាបាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាបាស និងមេដឹកនាំប៉ាឡេស្ទីនផ្សេងទៀត បានច្រានចោលយ៉ាងខ្លាំងចំពោះការអំពាវនាវរបស់លោកប្រធានាធិបតី ត្រាំ ក្នុងកាន់កាប់តំបន់ហ្គាហ្សា និងផ្ទេរប្រជាជនប៉ាឡេស្ទីនទៅ ក្រៅទឹកដីកំណើតរបស់ពួកគេ។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក៏បានបរិហារផែនការនេះ និងថា វាជាការប៉ុនប៉ងដើម្បីគ្រប់គ្រងតំបន់នេះ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។