បន្ទាយមានជ័យ ៖

ជនជាតិចិនមួយក្រុម បានបើករថយន្តសេរីទំនើបប្រដេញគ្នា ក៏បានជ្រុលទៅបុករថយន្តកូរេដឹកម៉ាស៊ីនច្រូតស្រូវ បណ្តាលឲ្យខ្ទេចមុខរថយន្តរបស់ខ្លួន និងគាបជាប់របួសធ្ងន់ជនជាតិចិនម្នាក់ ហើយ ហេតុការណ៍នោះ បានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តសេរីទំនើប២គ្រឿង បានបើកប្រដេញគ្នា តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីលិចមកកើត រឺ ពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណ ហើយមានរថយន្តសេរីទំនើបម៉ាកលុចស៊ីស ពាក់ផ្លាក់លេខភ្នំពេញ2CC-9997 បានបុកពីក្រោយរថយន្តធុនធំដឹកម៉ាស៊ីនច្រូតស្រុវគូបូតា ចតចិញ្ចើមផ្លូវមុខឃ្លាំងគូបូតា បណ្តាលជនរងគ្រោះជនជាតិចិនម្នាក់ គាបជាប់និងកាប៊ីន រងរបួសធ្ងន់។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់បន្តទៀតថា៖ក្រោយគាស់យកជនរងគ្រោះ ចេញពីរថយន្តរួចហើយ ក៏បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តសេរីទំនើបរងគ្រោះនិងរថយន្តធុនធំដឹកម៉ាស៊ីនច្រូតគូបូតា ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕