ភ្នំពេញ ៖ 

យុវជន២នាក់ជិះម៉ូតូហុងដាឌ្រីម បោះពួយខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកនិងរថយន្តតូយ៉ូតាព្រុស យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតមធ្យោបាយនិងមនុស្ស រងរបួសគួរសម ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៥០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចំនុចផ្លូវ១៩៩ កែងផ្លូវ៣២៨ សង្កាត់ទួលស្វាយទីទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក តូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BX 5313 បើកធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៩ទិសដៅពីកើតទៅលិច។

លុះមកដល់ចំនុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែយុវជន២នាក់ បានជិះ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ  សៀមរាប 1AH 1383 បានជិះបោះពួយតាមបណ្ដោយផ្លូវ៣២៨ ទិសដៅពីត្បូងទៅជើងល្បឿនលឿន ហើយ អ្នកបើកម៉ូតូស្រវឹងផងនោះ ក៏ជ្រុលទៅបុកនិងរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខ ព្រមទាំងធ្វើអោយអ្នកទាំង២ របួសរលាត់ដៃជើង ចុកឆ្អល់ តែមិនបានទៅមន្ទីរពេទ្យនោះទេ។ 

ដោយឡែក ខាងរថយន្តវិញ រងការខូចខាតកំពិតទ្វារមួយចំហៀងខាងឆ្វេង និងបែកកញ្ចក់តែមិនគ្រោះថ្នាក់ដល់មនុស្សដូចគ្នា  ។ 

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយ ក៍សម្រេចបញ្ចប់រឿងដោយសុខចិត្តយកមធ្យោបាយទៅជួសជុលរៀងៗខ្លួន៕