ភ្នំពេញ ៖
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយនិងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ ក្នុងហាងយីហោ«ចែមុំបុកល្ហុង» កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលសង្ស័យលួចលាក់ សេវាបម្រើផ្លូវភេទ និងកេងប្រវ័ញ្ចលើស្ត្រី-កុមារ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាននាយកដ្ឋានការជួញដូរមនុស្សនិងការពារអានីតិជន បានប្រាប់ឱ្យដឹងថា ប្រតិបត្តិការនេះ បានសហការជាមួយនិងកំលាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិថិជននៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនិងនគរបាលមូលដ្ឋាម ដោយមានការសម្របសម្រួលពីលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
ក្រោយសមត្ថកិច្ច បានសួរនាំរួចហើយ ក៏បាននាំខ្លួនមនុស្សចំនួន១១នាក់ ប្រុសចំនួន១នាក់ ស្រីចំនួន១០នាក់ ក្នុងចំណោម១១នាក់នោះ អានីតិជនចំនួន៥នាក់ ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសាកសួរបំភ្លឺ និងចាត់ការតាមនិតិវិធីបន្ត៕