អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាមេដ អាប៉ុល ហ្គេអីត (Ahmed Aboul-Gheit) បានប្រកាសថា រដ្ឋអារ៉ាប់ នឹងច្រានចោលទាំងស្រុងនូវផែនការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា ហើយរដ្ឋប៉ាឡេស្ទីនត្រូវតែបង្កើតឡើងជាដាច់ខាត។ សម្ព័ន្ធអារ៉ាប់បានចេញសេចក្តីថ្លែងការណ៍ សម្តែងការប្រឆាំងរបស់ខ្លួនចំពោះផែនការនេះ ដោយនិយាយថា ទង្វើនេះ នឹងបំពានច្បាប់អន្តរជាតិ ព្រមទាំងគំរាមកំហែងដល់ស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា។ អំឡុងពេលបទសម្ភាសន៍នៅ ក្រៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ 2025 ដែលធ្វើឡើងនៅទីក្រុងឌូបៃ លោក ហ្គេអីត បានបន្តថា សេចក្តីថ្លែងការណ៍របស់លោក ត្រាំ គ្រាន់តែជាមធ្យោបាយនៃការចរចា ហើយជនជាតិប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ នឹងមិនទទួលយកការផ្ទេរ ឬបំលាស់ទីទៅកាន់កន្លែងផ្សេងជាដាច់ខាត។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី 4 ខែកុម្ភៈថា សហរដ្ឋអាមេរិក នឹងកាន់កាប់ជាកម្មសិទ្ធិលើតំបន់ហ្គាហ្សា ព្រមទាំងអភិវឌ្ឍតំបន់នេះឡើងវិញ បន្ទាប់ពីជនជាតិប៉ាឡេស្ទីន ត្រូវបានផ្លាស់ប្តូរឬផ្ទេរទៅកាន់ទីតាំងផ្សេង។