ភ្នំពេញ៖ 

បុរសអ្នករត់កង់បីឥណ្ឌាមា្នក់ ដេកស្លាប់នៅលើកង់បីរបស់គាត់ ដោយគ្មានអ្នកណាម្នាក់បានដឹងថា តាំងពីពេលណាមកទេ? លុះព្រឹកឡើង ទើបបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចជំនាញចុះមកពិនិត្យទីតាំងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសរងគ្រោះ មានឈ្មោះ ហោ សឿន អាយុ ៤៧ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា មានទីលំនៅភូមិព្រៃមាន់ ឃុំឬស្សីស្រក ស្រុកពាមជរ ខេត្តព្រៃវែង។ មុនពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានឃើញបុរសរងគ្រោះនៅដេកលើកង់បីឥណ្ឌារបស់គាត់ មិនចេញទៅរកស៊ីដូចសព្វមួយដង ទើបដើរទៅដាស់និងដឹងថា រូបគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ  ទើបបង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការចុះពិនិត្យសាកសពបុរសខាងលើនិងបានបញ្ជាក់ថា បុរសរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារតែគាំងដូង និងមានជំងឺលើសឈាមប្រចាំកាយ ទើបបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕