តាកែវ ៖
មានករណីអគ្គិភ័យមួយ បានឆាបឆេះព្រៃរបោះជើងភ្នំជីសូរ(ភ្នំតូច) ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីនេះដែរ តាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯក ភី ឆុន អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងថា ក្រោយកើតមានអគ្គិភ័យនេះឡើង លោក បានដឹកនាំកម្លាំងជំនាញបង្ការនិងពន្លត់អគ្គីភ័យស្រុកសហការណ៍ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរវៀង ប្រជាការពារនិងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់រថយន្តអង្គភាពអគ្គិភ័យ បាញ់ពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង២០និង០០នាទី។
លោកអធិការស្រុក បញ្ជាក់ទៀតថា អគ្គិភ័យខាងលើ មិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ ពិសេស មិនបណ្តាលឲ្យប៉ះពាល់ប្រាសាទបូរាណ គឺឆេះតែព្រៃរបោះនិងស្មៅក្រាស់ នៅជើងភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។
ដោយឡែក តាមការសន្និដ្ឋាពីសមត្ថកិច្ចថាករណីនេះ សង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ ហើយធ្វេសប្រហែស ទើបបណ្តាលឲ្យកើតជាអគ្គីភ័យនេះឡើងតែម្តង ៕