ភ្នំពេញ៖
ស្រ្តីម្នាក់មិនដឹងជាមានបញ្ហាផ្លូវចិត្តឬបែបណានោះទេ បានចាក់សោបង្ខាំងស្រ្តីចំណាស់ជាម្ដាយបង្កើតនិងកូនប្រុសបង្កើតរបស់ខ្លួននៅក្នុងផ្ទះ ហើយ ថែមទាំងគំរាមថានឹងសម្លាប់ចោលទៀតផង ប្រសិនបើម្ដាយហ៊ានតែប្ដឹងប៉ូលិសពីរឿងដែលខ្លួនបង្ខាំងនោះ ។ ខណៈនោះ ដោយមានការភ័យខ្លាច កូនស្រីរូបនោះចាក់សាំងដុតផ្ទះ សម្លាប់រូបគាត់និងចៅប្រុស ទើបម្ដាយពឹងអ្នករត់ម៉ូតូកង់បីម្នាក់ឲ្យជួយប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្រ្តីរូបនោះឈ្មោះប៉ុល ដានី អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ចំណែកស្រ្តីជាម្ដាយឈ្មោះលី កេន អាយុជាង៦០ឆ្នាំ មានទីលំនៅផ្ទះកើតហេតុ។
ស្រ្តីជាម្ដាយ បាននិយាយថា កូនស្រីរបស់គាត់ម្នាក់នោះ បានទៅរស់នៅផ្ទះជួលមួយកន្លែង ចំណែកកូនប្រុសរបស់នាងម្នាក់ មិនបានទៅនៅផ្ទះជួលជាមួយនោះទេ គឺបានមកស្នាក់នៅជាមួយគាត់ដែលជាជីដូន ។ ចំណែកកូនស្រីម្នាក់នោះ(ជនសង្ស័យ) អត់មានធ្វើការអីទេ ហើយឲ្យតែដល់ពេលបាយ បានមកហូបបាយជាមួយគាត់រាល់ថ្ងៃ ហូបរួចទៅដេកផ្ទះជួលវិញ ។ មិនតែប៉ុណ្ណោះ មិនដឹងថា កូនស្រីមានបញ្ហាឬអ្វីនោះ កន្លងមក តែងតែទៅរករឿងអុកឡុកគាត់ស្ទើររាល់ថ្ងៃ ។
ស្រ្តីចំណាស់ដដែល បាននិយាយបន្តទៀតថា នៅមុនពេលកើតហេតុ កូនស្រីគាត់រូបនេះបានទៅយកកូនប្រុសរបស់ខ្លួន(ចៅប្រុសគាត់)ទៅធ្វើការ ហើយពេលនោះគាត់បានប្រាប់ចៅ ថា ទៅក៏ទៅចុះ ប៉ុន្តែចៅប្រុសមិនព្រមទៅតាមម្ដាយឡើយ ។ ខណៈនោះបានធ្វើឲ្យកូនស្រីរូបនោះ ខឹងកូនប្រុសរបស់ខ្លួនហើយខឹងដោយទាំងគាត់ថែមទៀត រួចក៏បានយកសោចាក់ទ្វារផ្ទះខាងមុខ និងយកដែកកាងព្យួរខោអាវចងទ្វារផ្ទះ១ទៀតជាប់ បង្ខាំងរូបគាត់និងចៅប្រុសនៅក្នុងផ្ទះ ហើយបានគំរាមថាបើគាត់ហ៊ានតែប្ដឹងប៉ូលិស នាង នឹងសម្លាប់គាត់ចោលភ្លាម ។
គាត់ បានរៀបរាប់ប្រាប់ទៀតថា ខណៈនោះដោយសារតែខ្លាចកូនស្រីដុតផ្ទះសម្លាប់គាត់និងចៅប្រុសស្លាប់ ទើបគាត់ខលទៅពឹងអ្នករត់ម៉ូតូកង់បីម្នាក់ដែលជាអ្នកស្គាល់គ្នាឲ្យជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសតែម្ដង ។ ចំណែកកូនស្រីគាត់ដឹងថាគាត់ខលពឹងអ្នករត់ម៉ូតូកង់បីឲ្យជួយប្ដឹងនគរបាល ក៏បានរត់គេចខ្លួនបាត់ស្រមោល ៕