កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ បវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពេលមានផេកគាំទ្របវរកញ្ញាក្រៅប្រទេសដ៏ធំមួយ បានបង្ហោះរូបភាពរបស់បវរកញ្ញារូបនេះ អមជាមួយសារមួយក្នុងន័យថា “ពេជ្រ វត្តីសារ៉ាវឌ្ឍី ដំណើរឆ្ពោះទៅកាន់បវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ២០២៥”។
ដោយឡែក បន្ទាប់ពីទំព័រហ្វេសប៊ុកខាងលើ បានបង្ហោះរូបភាពអមជាមួយសារបែបនោះរួចភ្លាម ស្រាប់តែមានទាំងការស្វាគមន៍ និងការមិនស្វាគមន៍ពីមហាជនមួយចំនួន ចំពោះការវិលត្រលប់មកប្រកួតម្តងទៀតរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ទន្ទឹមនឹងនេះ បវរកញ្ញារូបនេះ ក៏បានបង្ហោះសារមួយ ដ៏មានអត្ថន័យ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរៀបរាប់យ៉ាងដូច្នេះថា “ផ្ញើជូនអ្នកទាំងអស់គ្នាដែលកំពុងតែដើរតាមក្តីស្រមៃខ្លួនឯង អ្នកត្រូវចាំថាក្នុងពេលដែលអ្នកដើរមិនទាន់ដល់គោលដៅ តែងតែមានមនុស្សពីរប្រភេទនេះនឹងចាំមើលអ្នកជានិច្ច “អ្នកចាំសើចអ្នកនិងអ្នកដែលស្រឡាញ់អ្នក” ហើយវាមិនសំខាន់ថាខាងណាច្រើនជាងខាងណានោះទេ តែវាសំខាន់ត្រង់ថា តើអ្នកនឹងរើសមើលមួយណាសំខាន់ជាង”។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានធ្វើការ Live និយាយជជែកលេងជាមួយបណ្តាអ្នកគាំទ្ររបស់ខ្លួន និងបានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រទាំងនោះ ដែលទទូចចង់ឃើញកញ្ញាចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជានៅក្នុងឆ្នាំនេះ។ បវរកញ្ញារូបនេះក៏បានបន្តទៀតថា កញ្ញានឹងចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាជាក់ជាពុំខាន ប៉ុន្តែចំពោះពេលវេលាជាក់លាក់ គឺកញ្ញានៅមិនទាន់ដឹងច្បាស់ថានៅក្នុងឆ្នាំណានោះទេ៕