នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ជាន់ទី១២ មានសន្និសីទសារព័ត៌មានមួយស្តីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់សតវត្សរ៍ នៃព្រះធម៌ និងដើម្បីអបអរខួបអនុស្សាវីរយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ ម្ចាស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងជានាយកប្រតិបត្តិស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥, ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាបាល់ទាត់គុនខ្មែរ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Vattanac Brewery លោក ខែម ប្រធានក្រុមបាល់ទាត់តារាកម្ពុជា តំណាងក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់មួយថៃ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ បានមានប្រសាសន៍ថា នេះគឺជាលើកដំបូងហើយដែលលោកទទួលរៀបចំបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះឡើង ក្នុងឱកាសអបអរសាទរដល់ខួបអនុស្សាវីរយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលជាប្រទេសជិតខាងគ្នា និងប្រៀបបានជាបងប្អូនល្អនឹងគ្នា។ លោកបណ្ឌិតបន្តថា ត្បិតលោកជាជនជាតិថៃ ប៉ុន្តែលោកបានមកធ្វើជំនួញនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ ក៏បានចូលរួមចំណែកជួយសង្គមជាតិខ្មែរច្រើនគួរសម ហើយលោកពិតជាសប្បាយរីករាយណាស់នៅពេលឃើញប្រទេសទាំង២ មានទំនាក់ទំនងការទូតល្អជាមួយគ្នា ពិសេសប្រទេសទាំង២ សុទ្ធតែជាប្រទេសកាន់ព្រះពុទ្ធសាសនា និងជាប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គដូចគ្នា។ ហេតុនេះហើយទើបលោកជឿថា ប្រទេសទាំង២ មានទំនាក់ទំនងដ៏ស្អិតរមួតជាមួយគ្នាមិនអាចកាត់ផ្តាច់បានឡើយ។
លោកបណ្ឌិតបានបន្ថែមទៀតថា ការប្រកួតលើកនេះមិនផ្តោតសំខាន់លើលទ្ធផលឡើយ សំខាន់ផ្តោតលើការរឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំង២ ហើយលោកចង់ធ្វើឲ្យកម្មវិធីនេះផ្សាភ្ជាប់ជាមួយព្រះធម៌ ព្រោះលោកជឿថា អ្នកមានជំនឿលើព្រះធម៌រមែងតែងតែចិត្តស្ងប់ និងជួបតែសេចក្តីសុខ។ ដូច្នេះ លោកចង់ឲ្យប្រជាជាតិទាំង២ យកព្រះធម៌ជាធំ ហើយចេះរួមរស់ជាមួយគ្នាក្នុងនាមជាអ្នកជិតខាងដ៏ល្អ និងជាបងប្អូនដ៏ល្អនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះជារៀងដរាបតរៀងទៅ។
ចំណែកឯឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរចំពោះលោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ យ៉ាងខ្លាំងដែលបានផ្តួចផ្តើមបង្កើតគំនិតរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីរឹងបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំង២ ហើយឯកឧត្តមប្រធានគាំទ្រយ៉ាងពេញទំហឹងចំពោះការយកវិស័យកីឡាមកផ្សាភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ដើម្បីសុខសន្តិភាពជារៀងរហូត។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សតវត្សរ៍ នៃព្រះធម៌នេះ មានការចូលរួមពីភាគីទាំងសងខាង ដោយខាងកម្ពុជាមានក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ ត្រៀមធ្វើការប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ ដែលមានតារាចម្រុះរួមមាន Youtuber, Vlogger, Tik Toker ពោលសុទ្ធតែជា Influencer ល្បីៗនៅប្រទេសថៃ ខណៈដែលក្រុមបាល់ទាត់មួយថៃ ក៏មានការចូលរួមពីសំណាក់ជើងខ្លាំងថៃជាច្រើនដូចជាកីឡាករ សែន ឆ័យ ជាដើម។
ការប្រកួតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ៕