ថ្មីៗនេះ តារាចម្រៀង ពស៊ាង ម្ចាស់បទ “យីកេបំពេស្នេហ៍” ត្រូវបានមហាជនមួយចំនួនរិះគន់ថា មានចិត្តចង្អៀត ដោយបានធ្វើការ Report បទខាងលើ ចេញពី YouTube ដែលច្រៀង Cover ដោយ អ៊ន លីនដា។ ក្រោយពេលរងការចោទប្រកាន់មកកាន់រូបលោកទាំងអយុត្តិធម៌បែបនេះ ពស៊ាង ក៏បានចេញវីដេអូមួយដើម្បីធ្វើការបកស្រាយពីភាពស្អាតស្អំ និងដើម្បីកុំឱ្យបងប្អូនមួយចំនួនមានការយល់ច្រលំមកកាន់លោកថែមទៀត។ នៅក្នុងវីដេអូបកស្រាយនោះ លោកបាននិយាយថា តាមពិតលោកមិនមែនជាអ្នក Report បទ “យីកេបំពេស្នេហ៍” ដែលជាការ Cover ដោយ អ៊ន លីនដា នោះទេ ប៉ុន្តែអ្នកខាងលើគឺជាអ្នកធ្វើការ Report ក្រោមហេតុផល មានការផ្តល់សារជាដំណឹងពី YouTube ថា មានអ្នកយកបទ “យីកេបំពេស្នេហ៍” ដែលជាបទរបស់លោកផ្ទាល់ ដាក់ជាកម្មសិទ្ធិបញ្ញា។ លោកបន្តទៀតថា តាមពិតទៅអ្នកខាងលើមិនត្រឹមតែចង់លុបបទចម្រៀងនោះចេញពី YouTube ប៉ុណ្ណោះទេ ពោលគឺគេចង់លុបទាំងគណនេយ្យនោះឱ្យបាត់ចេញពី YouTube តែម្តង ប៉ុន្តែដោយមានការយោគយល់ ទើបលោកបានធ្វើការហាមឃាត់ការលុបគណនេយ្យមួយនោះ។ 

ពាក់ព័ន្ធនឹងការយកបទអ្នកដទៃ ដាក់ជាកម្មសិទ្ធបញ្ញាផ្ទាល់ខ្លួននេះ ពស៊ាងក៏បានលើកជាឧទាហរណ៍ឱ្យដឹងដែរថា កន្លងមកក៏មានតារាចម្រៀងមួយចំនួនដូចជា ស៊ូលី ផេង និង ម៉ម ពេជ្ជរិទ្ធ ក៏បានជួបប្រទះនូវបញ្ហានេះដូចគ្នាដែរ រហូតដល់ថ្នាក់ ម៉ម ពេជ្ជរិទ្ធ មានការបាត់គណនេយ្យ YouTube ថែមទៀតផងនាពេលនោះ។ ពស៊ាង ក៏បានបញ្ជាក់បន្ថែមទៀតថា លោកមិនមានចិត្តកំណាញ់ក្នុងការយកបទរបស់លោកទៅច្រៀង Cover ឬ កាត់បង្ហោះដាក់នៅក្នុងបណ្តាញសង្គមនោះទេ ប៉ុន្តែគួរគោរពសិទ្ធម្ចាស់ដើម គោរពគ្នាទៅវិញទៅមក និងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អ្នកដទៃ ដែលវាគឺជារឿងចាំបាច់បំផុត។ ចំណែកឯការយកស្នាដៃអ្នកដទៃមកធ្វើជារបស់ខ្លួនឯង និងធ្វើខ្លួនជាជនរងគ្រោះ គឺជាការមិនគោរពសិទ្ធិគេ ជាអំពើមិនត្រឹមត្រូវ និងជាអំពើដែលមិនគួរកើតមាននោះដែរ៕