កម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានឈានមកដល់សប្តាហ៍ទី២ ហើយ។

សម្រាប់សប្តាហ៍នេះ យើងរកឃើញម្ចាស់ពានម៉ារ៉ាតុនប្រាក់លានលើប្រភេទទម្ងន់ ៥៤គីឡូក្រាមម្នាក់ទៀតគឺបានទៅលើកីឡាករ ម៉ុន ប៊ុនឈៀង មកពីក្លឹបតាឡីដំរីមានរិទ្ធ បន្ទាប់ពីបានយកឈ្នះពិន្ទុកីឡាករ ម៉ន ភារម្យ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញពេញ ៣ទឹក។  គួររំលឹកថា មុនឡើងមកដណ្តើមពាននៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ម៉ន ភារម្យ បានទម្លាក់កីឡាករ សេង សាយ ដោយពិន្ទុ ខណៈកីឡាករ ម៉ុន ប៊ុនឈៀង បានយកឈ្នះកីឡាករ រិទ្ធី ម៉ាឡាយ ដោយពិន្ទុ។ 

ក្រៅពីគូម៉ារ៉ាតុនដណ្តើមប្រាក់លាននេះ ក៏នៅមានគូមិត្តភាពចំនួន ៤គូទៀតរួមមាន៖

គូមិត្តភាពទម្ងន់ ៥១គីឡូក្រាម កីឡាករ តឿ ប៊ុននី បានយកឈ្នះកីឡាករ ថៃ សុវណ្ណ ដោយពិន្ទុ ខណៈមិត្តភាព ១គូទៀត ទម្ងន់ ៥៧គីឡូក្រាម កីឡាករ នៅ វណ្ណថន បានយកឈ្នះដោយពិន្ទុទៅលើកីឡាករថៃ ខាវហម ស.សុំម៉ាយ។

លុះចូលដល់គូមិត្តភាពអន្តរជាតិ ១គូទៀត ទម្ងន់ ៦០គីឡូក្រាម កីឡាករ គង់ ហូវ បានទាត់ធ្ងន់ៗទៅលើកីឡាករអ៊ីរ៉ង់ មែបស៊ូ ម៊ូសាវី ប៉ុន្តែសរសើរកីឡាករមកពីមជ្ឈឹមបូព៌ាម្នាក់នោះអាចទ្រាំទ្រនឹងទម្ងន់ជើងរបស់ គង់ ហូវ ប៉ុន្តែចប់ការប្រកួតពេញ ៣ទឹក ចៅក្រហមសម្រេចផ្តល់ជ័យជម្នះទៅឲ្យកីឡាករ គង់ ហូវ។

និង ១គូចុងក្រោយ ទម្ងន់ ៦០គីឡូក្រាម នាគរាជកំណាច រិន ដេវីត បានប្រើរន្ទៈជើងធ្ងន់ៗទាត់ទៅលើកីឡាករចិន កុង យៀនឃុន តាំងពីទឹកទី១ ម្ល៉េះ ប៉ុន្តែទីបំផុតក៏ត្រូវអាជ្ញាកណ្តាលបញ្ឈប់កីឡាករចិននៅក្នុងទឹកទី៣ ។

សូមបញ្ជាក់ថា កម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែរ រៀបចំធ្វើឡើងជារៀងរាល់ល្ងាចថ្ងៃអាទិត្យ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ហើយបងប្អូនអាចចូលរួមទស្សនាបានដោយសេរី!