លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈថា សហរដ្ឋអាមេរិកនឹងបង្កើនការលក់យោធាដល់ប្រទេសឥណ្ឌាចាប់ពីឆ្នាំ 2025 តទៅ ជាពិសេស ការលក់យន្តហោះចម្បាំងទំនើប F35 របស់ខ្លួន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៉ូឌី លោក ត្រាំ ក៏បានបញ្ជាក់ថា ប្រទេសទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងដែលរួមមានការបង្កើនការនាំចូលប្រេង និងឧស្ម័នពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា បានយល់ព្រមទិញសម្ភារៈការពារជាតិអាមេរិកក្នុងតម្លៃជាង 20 ពាន់លានដុល្លារចាប់តាំងពីឆ្នាំ 2008 ហើយកាលពីឆ្នាំមុន ប្រទេសឥណ្ឌា ក៏បានយល់ព្រមទិញយន្តហោះគ្មានមនុស្សបើក MQ-9B ស៊ី ហ្គាដៀន (SeaGuardian) និង ស្កាយ ហ្គាដៀន (SkyGuardian) ចំនួន 31 គ្រឿង បន្ទាប់ពីការពិចារណាអស់រយៈពេលជាង 6 ឆ្នាំ។