រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្តម៉ាក ford raptor មួយគ្រឿងតាមផ្លូវសុខៗ ស្រាប់តែឆ្លងចរន្ត បណ្តាលឲ្យឆេះផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចចេញរថយន្តមួយគ្រឿងទៅជួយពន្លត់បន្ទាន់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា១១ យប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុខមុខបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវ ៥៩៨ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះម៉ាក ford raptor ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា X.6789.X បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងមកត្បូង ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុទល់មុខនិងបុរីវិមានភ្នំពេញ សង្ស័យតែឆ្លងចរន្ត ស្រាប់តែឆេះផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ ។
ភ្លាមនោះដែរ ម្ចាស់ បានចុះពីលើរថយន្តរួចទាក់ទងទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ក៏បានបញ្ចេញរថយន្តមួយគ្រឿងទៅជួយបាញ់ពន្លត់ ភ្លាមៗផងដែរ។
ក្រោយកម្លាំងសមត្ថកិច្ចជំនាញ បានបាញ់ពន្លត់ចប់និងធ្វើការស្រាវជ្រាវ រកឃើញថា គឺ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះ៕