ភ្នំពេញ ៖
ម៉ូតូម៉ាកHonda Zoomer X ១គ្រឿងជិះគ្នា២នាក់ បានវ៉ាជែងរថយន្តទ្រុង១គ្រឿង ស្រាប់តែវាក់ជាមួយរថយន្តបែនដឹកដី ខណៈនោះអ្នកបើកបរម៉ូតូបានគេចចេញនិងជាន់ហ្រ្វាំងប្រថុចញ៉ុច បណ្ដាលឲ្យដួលខ្ទាតស្រ្តីម្នាក់ចូលរថយន្តទ្រុងខាងលើ កិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង និងបុរសម្នាក់ទៀត រងរបួសស្រាល ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២២នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅតាមផ្លូវ ៣០ម៉ែត្រ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះខាងលើឈ្មោះ ហេង សារ៉ាត់ អាយុ៣០ឆ្នាំ មុខរបរគណនេយ្យក្រុមហ៊ុន មានស្រុកកំណើតនៅភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ នារីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាZoomer X ពណ៌លឿងលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GI-0397 ដែលមានបុរសម្នាក់ជាអ្នកឌុប ។
តាមរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវ៉ាជែងខាងឆ្វេងរថយន្តទ្រុង ពណ៌ស មិនស្គាល់ម៉ាក១គ្រឿងដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា ។ ខណៈនោះ បានវាក់ជាមួយរថយន្តបែនដឹកដី ពណ៌ក្រហម១គ្រឿង បើកបរក្នុងល្បឿនក្នុងទិសដៅពីលិចទៅកើត ហើយ បុរសអ្នកបើកបរម៉ូតូបានគេចចេញពីរថយន្តបែនដឹកដីនោះ បណ្ដាលឲ្យដួលខ្ទាតស្រ្តីរងគ្រោះចូលរថយន្តទ្រុងកិនបែកក្បាលស្លាប់ភ្លាមៗតែម្ដង ។
ប្រភពដដែល បានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ ទាំងរថយន្តទ្រុងដែលកិនស្រ្តីរងគ្រោះបណ្ដាលឲ្យស្លាប់ និងរថយន្តបែនដឹកដី បានបើកបន្តដំណើរទៅបាត់រៀងៗខ្លួន ។ បន្ទាប់មក នគរបាលចរាចរខណ្ឌដង្កោ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តទ្រុងខាងលើ ដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕