ពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៨ វគ្គជម្រុះថ្នាក់ជាតិ បានរកឃើញ៥ក្រុម ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ក្នុងនោះមាន បឹងកេត ភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៏។ ដោយឡែក ៦ក្រុមទៀត នឹងត្រូវប្រជែងគ្នាយក៣កៅអី ដែលនៅសល់។
ព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ សមាគមបាល់ទាត់ខេត្តកែប នៅកីឡដ្ឋានខេត្តស្វាយរៀង ក្នុងជំនួបជើងទី២ នាម៉ោង៦:០០ល្ងាច ថ្ងៃទី១៩ កុម្ភៈ ។ ចំណែក ឡាយហ្វ ព្រះសីហនុ ទទួលគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានឡាហ្វ ។ រីឯ អាយ អេស អាយ ដង្កោសែនជ័យ ប៉ះជាមួយ មន្ទីរអបរំយុវជននិងកីឡា ខេត្តត្បូងឃ្មុំ។
ព្រះខ័នរាជស្វាយរៀង មានឱកាសច្រើនក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានសម្ដេច ហ៊ុន សែន លើកទី១៨ ដោយមានគ្រាប់បាល់ក្នុងដៃ ៩គ្រាប់។ នោះក៏ព្រោះតែក្រុមដែលមានទីតាំងនៅខេត្តស្វាយរៀងនេះ បានលុត សមាគមកីឡាបាល់ទាត់ខេត្តកែប លទ្ធផល៩-០ នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុន សែន ចំការដូង ក្នុងជើងទី១ កាលពីថ្ងៃទី១៥ ខែមករា ។ ដូច្នេះក្នុងជំនួបជើងទី២ នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះ ហាក់មិនសូវមានសម្ពាធខ្លាំងនោះទេ។
ដោយឡែក ឡាយហ្វ ព្រះសីហនុ ត្រូវទទួលក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានឡាយហ្វ៍។ ក្នុងជំនួបជើងទី២ វាទាមទារឱ្យ ឡាយហ្វ ព្រះសីហនុ ត្រូវការជ័យជម្នះលើគិរីវង់សុខសែនជ័យ ជាដាច់ខាត ជាមួយលទ្ធផលគ្រាប់បាល់លើសពី៣គ្រាប់ឡើងទៅ។
ជំនួបជើងទី១ ឡាយហ្វ ព្រះសីហនុ បានចាញ់ គិរីវង់សុខសែនជ័យ លទ្ធផល២-០ នៅកីឡដ្ឋានគិរីវង់ កាលពីថ្ងៃទី២២ ខែមករា។ សម្រាប់លទ្ធផល ២គ្រាប់ក្នុងដៃនេះ ហាក់មិនទាន់កក់ក្ដៅសម្រាប់គិរីវង់សុខសែនជ័យទេ ក្នុងជំនួបជើងទី២។ បើយោងទៅលើបទពិសោធន៍ជួបគ្នាក្នុងលីគ ក្រុមទាំង២ មានកម្រិតប្រហាក់ប្រហែលគ្នា។ ការជួបគ្នា២លើក ក្នុងលីគ ក្រុមទាំង២ បានត្រឹមស្មើលទ្ធផល១-១ ទាំង២ជើង។
ចំណែក អាយ អេស អាយ ដង្កោសែនជ័យ មាន៣គ្រាប់រួចជាស្រេចសម្រាប់ជំនួបជើងទី២ ជាមួយមន្ទីរអបរំយុវជននិងកីឡា ខេត្តត្បូងឃ្មុំ។ កាលពីថ្ងៃទី១២ កុម្ភៈ អាយ អេស អាយ ដង្កោសែនជ័យ បានយកឈ្នះ លើក្រុមនេះ លទ្ធផល៣-០ នៅទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់។ រីឯជើងទី២នេះ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន AIA KMH Park។ ក្រុមដែលឡើងទៅវគ្គ ១/៤ នឹងត្រូវប៉ះជាមួយ បឹងកេត។
បឹងកេត ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះខេត្តកំពង់ចាម ទាំង២ជើងលទ្ធផល១៦-១ ។ ចំណែក ភ្នំពេញក្រោន ឈ្នះ ពោធិ៍សាត់ លទ្ធផលទាំង២ជើង ៩-០។ រីឯ កងយោពលខេមរភូមិន្ទ ឈ្នះ អង្គរថាយហ្គឺរ លទ្ធផល៦-៣ និងវិសាខា ឈ្នះ ឡាយអ៊ិនឃីង ៨-០ ខណៈ ណាហ្គាវើលដ៍ ឈ្នះ ប៉ូលីស ៣-២។
ក្នុងវគ្គ ១/៤ ក្រុមភ្នំពេញក្រោន នឹងត្រូវជួបជាមួយ ណាហ្គាវើលដ៍ ,រីឯ កងយោពលខេមរភូមិន្ទ ត្រូវប៉ះជាមួយ វិសាខា៕