តាមរយៈការរាយការណ៍ពិសេសពីសារពត៌មាន ស្ព៊តចូសន់ (Sport Chosun) បានឱ្យដឹងថា យ៉ូមីន (Hyomin) អតីតសមាជិកក្រុមចម្រៀងនារីកូរ៉េ ធីអារ៉ា (T-Ara) នឹងរៀបចំពិធីមង្គលការជាមួយអនាគតស្វាមីរបស់នាងដែលជាអ្នកនៅក្រៅរង្វង់សិល្បៈ បែបលក្ខណៈឯកជននៅ ឌីណាស់ស្ទី ហល (Dynasty Hall) ក្នុងសណ្ឋាគារ ស៊ីលឡា ហូថែល (Shilla Hotel) នៅតំបន់ជុងកូ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី ៦ ខែមេសា ឆាប់ៗខាងមុខនេះ។
មូលហេតុដែល យ៉ូមីន (Hyomin) រើសយកសណ្ឋាគារខាងលើដើម្បីរៀបចំថ្ងៃពិសេសរបស់ខ្លួន ក៏ដោយសារតែនាងគិតថា ទីនោះគឺជាទីកន្លែងដែលមានសុវត្ថិភាព បន្ទប់មានភាពធំទូលាយដែលអាចទទួលភ្ញៀវបានរហូតដល់ទៅ ៧០០ នាក់ឯណោះ។ ដោយឡែក សណ្ឋាខាងលើក៏ធ្លាប់រៀបចំពិធីមង្គលការឱ្យតារាល្បីៗជាច្រើនគូផងដែរ ក្នុងនោះមានដូចជា ពិធីរៀបការរបស់តារាចម្រៀង សេវិន (Se7en) និងតារាសម្តែង លី ដាហេ (Lee Da-hae) និង ជើងឯកជិះស្គីទឹកកកអូឡាំពិក គីម យូណា (Yuna Kim) ជាដើម។
យ៉ូមីន (Hyomin) កើតនៅឆ្នាំ ១៩៨៩ បានបង្ហាញខ្លួនជាសមាជិកក្នុងក្រុម ធីអារ៉ា (T-ara) នៅអំឡុងឆ្នាំ ២០០៩។ ក្រុមចម្រៀងនេះទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនតាមរយៈបទជាច្រើន ក្នុងនោះមានដូចជាបទ រ៉ូលី ផូលី (Roly Poly), ធីធីអ៊ិល (TTL), ស៊ិចស៊ីឡើប (Sexy Love), និង ប៊ូភីប ប៊ូភីប (Bo Peep Bo Peep) ជាដើម។ ក្រៅពីអាជីពជាតារាចម្រៀងហើយនោះ នាងក៏ធ្លាប់ចូលរួមសម្តែងនៅក្នុងរឿង ម៉ាយ ហ្គើល ហ្វ្រ៊េន អ៊ីស អឹ គូមីហូ (My Girlfriend Is a Gumiho) ដែលបានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១០ផងដែរ៕