សមាជិកក្រុម អ៊ីនហ្វីនីតថ៍ (INFINITE) គីម សុងក្យូ (Kim Sung Kyu) ត្រូវបានដឹងថាផ្អាកការងារទាំងស្រុង ដោយសារបងស្រីបង្កើតរបស់តារាចម្រៀងប្រុសរូបនេះ បានបាត់បង់ជីវិតកាលពីពេលថ្មីៗកន្លងទៅ។ កាលពីថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន អ៊ីនហ្វីនីតថ៍ (INFINITE) បានចេញសេចក្តីប្រកាសមួយពាក់ព័ន្ធនឹងតារាចម្រៀង គីម សុងក្យូ (Kim Sung Kyu) ថា នឹងត្រូវផ្អាកតារាងការងារទាំងអស់ ក្រោយពេលបានទទួលដំណឹងមកថា បងស្រីរបស់ខ្លួនបានបាត់បង់ជីវិតដោយសារជំងឺប្រចាំកាយរ៉ាំរ៉ៃ។

សេចក្តីប្រកាសនោះនិយាយថា៖

“សួស្តី នេះគឺជា អ៊ីនហ្វីនីតថ៍ (INFINITE) Company

យើងចង់ជម្រាបដំណឹងដ៏អាក្រក់មួយទៅកាន់អ្នកទាំងអស់គ្នាថា បងស្រីរបស់ សុងក្យូ បានបាត់បង់ជីវិតហើយកាលពីរសៀលថ្ងៃទី ២២ ខែកុម្ភៈ កន្លងទៅនេះ ស្របពេលដែលកំពុងសម្រាកព្យាបាលជំងឺ។ ជាមួយគ្នានេះ តាមការចង់បានរបស់ក្រុមគ្រួសារ កម្មវិធីបុណ្យសពទាំងមូល នឹងធ្វើឡើងជាលក្ខណៈឯកជនដែលមានតែសមាជិកគ្រួសារ និងអ្នកស្គាល់គ្នាប៉ុណ្ណោះដែលនឹងចូលរួម។ អ្នកទាំងអស់គ្នាអាចសម្តែងការខូចចិត្តទៅកាន់ក្រុមគ្រួសារនិងសុងក្យូ ដើម្បីឱ្យពួកគេបានកាន់ទុក្ខដោយស្ងប់ចិត្ត។ អ៊ីនហ្វីនីតថ៍ (INFINITE) Company សូមសម្តែងការខូចចិត្តជាពន់ពេក និងសូមភាវនាឱ្យបងស្រីរបស់សុងក្យូបានទៅកាន់សុគតិភពផងចុះ”

ដោយឡែក ផលិតកម្ម ប៊ីលលាន (Billions) ផលិតកម្មដែលជាទ្រនំរបស់ សុងក្យូ ក៏បានចេញមកបញ្ជាក់បន្ថែមផងដែរថា គីម សុងក្យូ (Kim Sung kyu) មិនបានចូលរួមសម្តែងនៅក្នុងកម្មវិធីគម្រប់ខួប ១៥ ឆ្នាំ របស់ក្រុម អ៊ីនហ្វីនីតថ៍ (INFINITE) ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នោះទេ៕