ឌីស ស្ហ៊ីតធី លើប (This Shitty Love) (ឈ្មោះមិនផ្លូវការ) ក្លាយជាគម្រោងថ្មីមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ ក្រោយពេលបានជ្រើសរើសតារាសម្តែងជួរមុខកូរ៉េដូចជា Jung Hae-in (ជុង ហេ អ៊ីន) និង Ha Young (ហាយ៉ុង) មកសម្តែងរួមគ្នានៅក្នុងរឿងមួយនេះ។

កាលពីថ្ងៃទី ១១ ខែកុម្ភៈ កន្លងទៅ បន្ទាប់ពីមានការរាយការណ៍ពត៌មានពីការជ្រើសរើសតួសម្តែងខ្សែភាពយន្តខាងលើដែលបានផ្តល់ដំណឹងពី ប៊ីស្ទឹស អ៊ីនធឺធេនមិន (Bistus Entertainment) ផលិតកម្មដែល ហាយ៉ុង (Ha Young) ជ្រកកោន បានឱ្យដឹងថា “ពួកគេកំពុងស្ថិតនៅក្នុងការពិចារណា” ខណៈពេលដែល អ៊េហ្វអ៊ែនស៊ី អ៊ីនធឺធេនមិន (FNC Entertainment) ផលិតកម្មដែល ជុង ហេ អ៊ីន (Jung Hae In) ជ្រកកោន ក៏បានចេញមកប្រាប់ទៅកាន់សារពត៌មានដូចគ្នាដែរថា “នេះគឺជាគម្រោងមួយ នៅក្នុងចំណោមគម្រោងជាច្រើនទៀតដែលបានស្នើរចូលមក ហើយក៏កំពុងស្ថិតនៅក្នុងការពិចារណាដូចគ្នាដែរ”។

តាមការរាយការណ៍ក៏បានឱ្យដឹងបន្ថែមទៀតថា នេះនឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀតរបស់ផលិតករ គីម ចាងហាន់ ដែលលោកធ្លាប់បានដឹកនាំរឿងល្បីៗជាច្រើន ក្នុងនោះ រឿង ម៉ាយ ដេម៉ន (My Demon) ដែលចាក់ផ្សាយនៅលើប៉ុស្តិ៍ SBS ក៏ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់មិនចាញ់រឿងភាគល្បីៗមួយចំនួនទៀតរបស់លោកផងដែរ។ ចំណែកឯសាច់រឿងនេះនិពន្ធដោយ ម៉ូ ជីយ៉េ និងផលិតឡើងមកដោយ Studio S កំពុងស្ថិតនៅក្នុងការរៀបចំដើម្បីត្រៀមចាក់បញ្ចាំងតាមរយៈ OTT លំដាប់ពិភពលោក។

យ៉ាងណាមិញតារាសម្តែងលោក Jung Hae-in (ជុង ហេ អ៊ីន) ក៏បានបន្សល់ទុកស្នាដៃការសម្តែងជាហូរហែ ដែលមានដូចជារឿង ឡើប និច ឌ័រ (Love Next Door) ចាក់ផ្សាយកាលពីឆ្នាំមុននៅលើប៉ុស្តិ៍ tvN និងរឿង អាយ ឌឹ អេកស៊ិឃ្យូស្ហឹណឺរ៍ (I, the Executioner) ដែលរកចំណូលបានយ៉ាងច្រើនមហាសាលនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចំណែកឯ Ha Young (ហាយ៉ុង) គឺជាតារារះថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពេលដែលនាងបានសម្តែងនៅក្នុងខ្សែភាពយន្តមួយដែលមានឈ្មោះថា ឌឹ ធ្រូម៉ា ខូដ ហេរ៉ូ អន ខល (The Trauma Code: Heroes on Call) ចាក់ផ្សាយនៅលើ Netflix៕