កាលពីដើមខែកន្លងទៅ ចាស់ស្ទីន ប៊ីបឺរ៍ (Justin Bieber) បានក្លាយទៅជាប្រធានបទដែលមហាជននាំគ្នានិយាយពេញបណ្តាញសង្គម ក្រោយពេលរូបភាពរបស់លោកត្រូវបានចែកចាយពេញប្រព័ន្ធអ៊ីនធឺណិត ជាមួយរូបរាងស្គមស្គាំង ដែលអំឡុងពេលនោះតារាប្រុសរូបនេះក៏កំពុងតែមានពត៌មានចចាមអារ៉ាមថាបានបែកគ្នាជាមួយភរិយារបស់ខ្លួន គឺនាង ហេលី ប៊ីបឺរ៍ (Hailey Bieber) ទាំងដែលពួកគេទើបតែផ្តល់កំណើតឱ្យកូនប្រុសដំបូងរបស់ខ្លួន រួមទាំងបញ្ហាសុខភាពរបស់ ចាស់ស្ទីន ប៊ីបឺរ៍ (Justin Bieber) ក្នុងវ័យ ៣០ ឆ្នាំផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតំណាងឱ្យ ចាស់ស្ទីន បានចេញមកអះអាងថា ពេលនេះចាស់ស្ទីនកំពុងស្ថិតនៅចំណុចមួយដ៏ល្អបំផុតរបស់ជីវិត និងបានបដិសេធពត៌មានចចាមអារ៉ាមដែលបាននិយាយថាចាស់ស្ទីនបានប្រើប្រាស់ថ្នាំញៀនយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យនោះបានឱ្យដឹងទៀតថា ពេលនេះចាស់ស្ទីនកំពុងផ្តោតអារម្មណ៍ទៅលើការចិញ្ចឹមកូនប្រុសដំបូងរបស់ខ្លួន និងកំពុងធ្វើបទថ្មីផងដែរ។
ជាមួយគ្នានេះតាមរយៈការផ្តល់បទសំភាសន៍ជាមួយ TMZ អ្នកតំណាងឱ្យចាស់ស្ទីនបាននិយាយថា កាលពីឆ្នាំមុន គឺជាឆ្នាំនៃការផ្លាស់ប្តូរដ៏ធំមួយសម្រាប់គេ ដោយសារតែគេបានផ្អាកការទាក់ទងទាំងអស់ មិនថាតែជាមិត្តភាពនិងធុរកិច្ចជាច្រើនយ៉ាងដែលគ្មានប្រយោជន៍ចំពោះគេ។
ពួកគេបាននិយាយបន្តទៀតថា ការប្រឈមនឹងបញ្ហាសុខភាព និងផ្លូវចិត្តរបស់ចាស់ស្ទីន គឺមានសភាពធ្ងន់ធ្ងរនិងគួរឱ្យបារម្ភ ដោយមនុស្សជាច្រើនបាននឹងកំពុងស្វែងរករឿងរ៉ាវអាស្រូវផ្សេងៗដើម្បីបង្កើតទៅជាពត៌មានចចាមអារ៉ាមជាបន្តបន្ទាប់ ដែលកាលនោះពួកគេបានបង្កើតពត៌មានចចាមអារ៉ាមថា ចាស់ស្ទីន បានបែកគ្នាជាមួយ ហេលី ដោយគ្រាន់តែ ចាស់ស្ទីន បាន Unfollow ប្រពន្ធរបស់ខ្លួននៅលើបណ្តាញសង្គមប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ចាស់ស្ទីន ក៏បានចេញមកបកស្រាយផងដែរថា មានអ្នកលួចចូលគណនេយ្យក្នុងបណ្តាញសង្គម និងបានចុច Unfollow ហេលីដែលជាប្រពន្ធរបស់ខ្លួន ដូច្នេះហើយទើបរឿងមិនសមជារឿងក៏បានកើតមានឡើងជាបន្តបន្ទាប់បែបនេះ៕