ចាត់ទុកថាជាពត៌មានកំពុងផ្ទុះខ្លាំងនៅក្នុងវិស័យ Kpop ក្រោយពេលមានពាក្យចចាមអារ៉ាមថា ខារីណា (Karina) សមាជិកក្រុម អេស្ប៉ា (aespa) នឹងចូលរួមសម្តែងវីដេអូចម្រៀងថ្មីរបស់ ជី ដ្រាហ្គន (G-Dragon) នៅក្នុងអាល់ប៊ុមទី៣ ដែលមានឈ្មោះថា អ៊ូបឺរ៍មែនស៊ី (Übermancy)។

យ៉ាងណាមិញកាលពីថ្ងៃទី ១៣ ខែកុម្ភៈ កន្លងទៅ ផលិតកម្ម កាឡាក់ស៊ី ខផឹរ៉េយ៍ស្ហឹន (Galaxy Corporation) ដែលជាផលិតកម្ម ជី ដ្រាហ្គន (G-Dragon) កំពុងជ្រកកោន បានចេញមកផ្តល់បទសំភាសន៍ទៅកាន់សារពត៌មាន ស្តារ ញូវ (Star News) ជុំវិញពត៌មានចចាមអារ៉ាមខាងលើនេះថា “ពួកយើងនៅមិនទាន់អាចបញ្ជាក់ស៊ីជម្រៅពាក់ព័ន្ធនឹងការចូលរួមសម្តែងរបស់ ខារីណា (Karina) នៅក្នុងវីដេអូចម្រៀងនេះបានទេ”។ ដោយឡែក ផលិតកម្ម អ៊េសអ៊ឹម អ៊ីនធឺធេនមិន (SM Entertainment) ដែលជាផលិតកម្ម ខារីណា (Karina) កំពុងជ្រកកោន ក៏នៅមិនទាន់ចេញមកបកស្រាយលម្អិតជុំវិញពាក្យចចាមអារ៉ាមទាំងនេះដែរ។

គួរឱ្យដឹងដែរថា ជី ដ្រាហ្គន (G-Dragon) ត្រៀមបញ្ចេញអាល់ប៊ុមឈុតទីបី ដែលមានឈ្មោះថា អ៊ូបឺរ៍មែនស៊ី (Übermancy) នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះហើយ ដោយនៅក្នុងអាល់ប៊ុមនោះមានបទទាំងអស់ចំនួន ៨ បទ រួមទាំងបទដែលបានចេញផ្សាយនាពេលកន្លងមកនេះផងដែរ ក្នុងនោះមានដូចជាបទ ផៅវើរ៍ (POWER), ហ៊ូម ស្វីត ហ៊ូម (HOME SWEET HOME), ធូ ប៊ែត (TOO BAD) និង ដ្រាម៉ា (DRAMA)៕