គេអាណូ រីវស៍ (Keanu Reeves) បង្ហាញអារម្មណ៍រំភើបក្រោយពេលបានវិលត្រលប់មកសម្តែងជាតួអង្គ ចន ខនស្ទែនធីន (John Constantine) ក្នុងភាគបន្តរបស់ភាពយន្ត ខនស្ទែនធីន (Constantine) នេះបើតាមការឱ្យតាមរយៈការផ្តល់បទសំភាសន៍នៅលើផតខេស ហែបភី សេដ ខឹនភ្យូស (Happy Sad Confused)។ ស្ថិតនៅក្នុងគម្រប់ខួប ២០ ឆ្នាំរបស់រឿងមួយនេះ តារាសម្តែងខាងលើបានឱ្យដឹងថា ភាគបន្តដែលត្រៀមនឹងបញ្ចេញនេះ កំពុងស្ថិតនៅក្នុងការវិវឌ្ឍ ហើយលោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានរួមការងារជាមួយផលិតករ ហ្វ្រេនស៊ីស ឡរ៉ែន (Francis Lawrence) និង អាគីវ៉ា ហ្គូលស៍មែន (Akiva Goldsman)។ គេអាណូ (Keanu) បាននិយាយថា “ វាគឺជារឿងមួយដ៏អស្ចារ្យបំផុតដែលបានរួមការងារជាមួយ ហ្វ្រេនស៊ីស (Francis) និង អាគីវ៉ា (Akiva) ក្នុងការផលិតរឿងមួយនេះ”។ តារារូបនេះបន្តទៀតថា “ គ្រាន់តែបានជជែកគ្នាពាក់ព័ន្ធនឹងការផលិតរឿង ខនស្ទែនធីន (Constantine) ក៏បានធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់ទៅហើយ ខ្ញុំស្ទើរតែរង់ចាំតទៀតលែងបានហើយ”។

យ៉ាងណាមិញ គម្រោងនៃការផលិតភាគបន្តរបស់រឿងខាងលើ ស្ទើរតែគ្មានសង្ឃឹមនោះទេ ប៉ុន្តែក្រោយពេលដែល គេអាណូ (Keanu) បានបង្ហាញខ្លួននៅក្នុងកម្មវិធី ស្ទេហ្វឹន ខូលប៊ឺត ស្ហូ (Stephen Colbert Show) កាលពីឆ្នាំ ២០២១ បានធ្វើឱ្យអ្នកដឹកនាំរឿងសម្រេចចិត្ត ចង់ផលិតភាពយន្តនេះជាភាគបន្តឡើងវិញ។ គួរឱ្យដឹងបន្ថែមទៀតថា ទោះបីជារឿងខាងលើគ្រោងផលិតជាភាគបន្តក៏ពិតមែន ប៉ុន្តែសាច់រឿងនៅមិនទាន់មានការបើកបង្ហាញជាផ្លូវការនោះទេ។ មួយវិញទៀត បើតាមការអះអាងពីអ្នកដឹកនាំរឿង បានឱ្យដឹងទៀតថា នៅក្នុងរឿងនេះអាចនឹងមានតួអង្គខ្លះមកពីភាគដំបូងផងដែរ៕