ជាការពិតណាស់កម្មវិធីប្រកួតសម្រស់វ័យក្មេង ឃីដ អ៊ែន ធីន គ្លូប៊ល (Kids & Teens Global) ឆ្នាំ ២០២៥ បាននឹងកំពុងប្រព្រឹត្តទៅនៅឯប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ បវរកញ្ញាវ័យក្មេងកម្ពុជាបីរូបក៏កំពុងតែប្រកួតនៅក្នុងកម្មវិធីនេះដូចគ្នាដែរ ក្នុងនោះមានដូចជា ប្អូនស្រី លីង យ៉ាងយ៉ាង ប្រកួតក្នុងប្រភេទ មីនី មីស គ្លូប៊ល (Mini Miss Global), ប្អូនស្រី សំរិទ្ធ ប៉ូទីនដា ប្រកួតក្នុងប្រភេទ លីតថល មីស គ្លូប៊ល (Little Miss Global) និងប្អូនស្រី គង់ សោម៉ា ប្រកួតក្នុងប្រភេទ មីស ព្រីធីន គ្លូប៊ល (Miss Pre Teen Global)។
ដោយឡែកកាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ថ្មីៗនេះ កម្មវិធី ឃីដ អ៊ែន ធីន គ្លូប៊ល (Kids & Teen Global) ឆ្នាំ ២០២៥ បានឈានមកដល់វគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ យ៉ាងណាមិញ នៅក្នុងការប្រកួតនាវគ្គនេះ ក្មេងស្រីតំណាងឱ្យកម្ពុជាទាំងបីរូបខាងលើ ក៏មិនធ្វើឱ្យពុកម៉ែបងប្អូនមានការខកបំណងចំពោះការចេញទៅតំណាងនៅលើកនេះផងដែរ ពោលគឺ ប្អូនស្រីបានបញ្ចេញសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើល រហូតទទួលបានពានទាំងនេះពីកម្មវិធីប្រកួត ក្នុងនោះ ប្អូនស្រី លីង យ៉ាងយ៉ាង និងប្អូនស្រី សំរិទ្ធ ប៉ូទីនដា ទទួលបានពានចំនួនបី ដូចជា ពានឈុតតំណាងជាតិល្អជាងក្នុងចំណោម ៥ រូបចុងក្រោយ, ពាន ប៊េស អ៊ីន រីស៊ត វ៉ែរ៍ (Best In Resort Wear) ក្នុងចំណោម ៥ រូបចុងក្រោយ និងពាន ប៊េស អ៊ីន ថាលិន (Best In Talent) ក្នុងចំណោម ៥ រូបចុងក្រោយ។ ចំណែកឯប្អូនស្រី គង់ សោម៉ា ក៏ទទួលបានពានចំនួនពីរផងដែរ ដូចជា ពាន ប៊េស អ៊ីន រីស៊ត វ៉ែរ៍ ( Best In Resort Wear) ក្នុងចំណោម ៥ រូបចុងក្រោយ និងពាន ប៊េស អ៊ីន ថាលិន (Best In Talent) ក្នុងចំណោម ៥ រូបចុងក្រោយ។
គួររំលឹងផងដែរថា កម្មវិធីប្រកួតសម្រស់វ័យក្មេង ឃីដ អ៊ែន ធីន គ្លូប៊ល (Kids & Teens Global) ឆ្នាំ ២០២៥ បន្ទាប់ពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួច នឹងឈានមកដល់វគ្គរាត្រីគ្រងមកុដ ឬវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះហើយ៕