កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅក្នុងវិស័យសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូង បានកើតមានរឿងដ៏រន្ធត់មួយ ដោយតារាសម្តែងដ៏មានប្រជាប្រិយភាព គីម សេ រ៉ន់ (Kim Sae Ron) ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះមួយកន្លែងរបស់នាងនៅក្នុងតំបន់ ស៊ុង ដុង គូ (Seongdong-gu) ទីក្រុង សេអ៊ូល (Seoul)។
យ៉ាងណាមិញ បើយោងតាមការផ្តល់ពត៌មានពីប៉ូលីសបានឲ្យដឹងថា អ្នកឃើញហេតុការណ៍ពីការស្លាប់របស់តារាស្រីរូបនេះគឺជាមិត្តភក្តិរបស់នាង ក្រោយមកទៀតមិត្តភក្តិរបស់នាងក៏បានទូរស័ព្ទរាយការណ៍ពីហេតុការណ៍ខាងលើ នៅម៉ោងប្រហែល៤និង៥០នាទីរសៀលនៅក្នុងថ្ងៃដដែល។ ជុំវិញករណីនេះ គេសន្និដ្ឋានបឋមថា មិនមែនជាករណីឃាតកម្មនោះទេ ប៉ុន្តែគេក៏កំពុងតែបើកការស៊ើបអង្កេតចំពោះការស្លាប់របស់តារាស្រីខាងលើនេះផងដែរ។
គួរឱ្យដឹងថា គីម សេ រ៉ន់ (Kim Sae Ron) កើតនៅឆ្នាំ ២០០០ ដោយគិតមកត្រឹមឆ្នាំនេះនាងមានអាយុ ២៤ ឆ្នាំហើយ។ នាងបានចាប់ផ្តើមអាជីពជាតារាសម្តែងនៅក្នុងឆ្នាំ ២០០៩ ក្នុងអាយុ ៩ ឆ្នាំ និងមានភាពល្បីល្បាញតាមរយៈខ្សែភាពយន្តរឿង ឌឹ មែន ហ្វ្រម ណូ វែ (The Man from Nowhere) ដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ២០១០ និងរឿង ឌឹ ណេយ៍ បឺ (The Neighbor) ចាក់បញ្ចាំងក្នុងឆ្នាំ ២០១២។ រឿងដែលនាងបានសម្តែងចុងក្រោយបង្អស់គឺរឿង ប្លាត់ ហាន់ (Bloodhounds) ដែលបានចាក់បញ្ចាំងក្នុងឆ្នាំ២០២៣ ប៉ុន្តែដោយសារមានពត៌មានអាស្រូវពីការបើកបរក្នុងស្ថានភាពស្រវឹងកាលពីអំឡុងខែឧសភា ឆ្នាំ ២០២២ បានធ្វើឱ្យមហាជនមានការមិនពេញចិត្តជាខ្លាំង ហើយអំឡុងពេលនោះផលិតករក៏បានកែសាច់រឿងថ្មី ដែលជាហេតុធ្វើឱ្យ គីម សេ រ៉ន់ (Kim Sae Ron) បាត់មុខនៅភាគបញ្ចប់ពីក្នុងខ្សែភាពយន្តមួយនេះ៕