ធីហ្វុន ខមផេនី (Typhoon Company) (ឈ្មោះមិនផ្លូវការ) គឺជាខ្សែភាពយន្តនិយាយពីរឿងរ៉ាវនៅក្នុងគ្រួសារមួយដែលជាអ្នកជំនួញទំហំកណ្តាលនិងទំហំតូច ដែលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុរបស់ IMF នៅឆ្នាំ ១៩៩៧។
យ៉ាងណាមិញ នៅក្នុងខ្សែភាពយន្តខាងលើនេះ នឹងមានការចូលរួសមសម្តែងពីតារាជួរមុខរបស់ប្រទេសកូរ៉េខាងត្បូង ដូចជា គីម មីន ហា (Kim Min-ha) និង លី ជុន ហូ (Lee Jun-ho)។ ក្នុងនោះ គីម មីន ហា (Kim Min-ha) តារាសម្តែងស្រីដែលមានឈ្មោះល្បីល្បាញតាមរយៈខ្សែភាពយន្តរឿង ផាឈីនកូ (Pachinko) និង ឡាយថ៍ ស្ហប់ថ៍ (Light Shop) នឹងត្រូវដើរតួជា “អូមីសន” បុគ្គលិកគណនេយ្យ ដែលបានធ្វើការនៅក្នុងក្រុមហ៊ុនរបស់តួឯកប្រុស។ នៅក្នុងសាច់រឿង នាងគឺជាកូនច្បងនៅក្នុងគ្រួសារដែលចាប់ផ្តើមធ្វើការតាំងពីក្មេងមកម្ល៉េះ ដើម្បីរកលុយចិញ្ចឹមគ្រួសាររបស់នាង។ ដោយឡែក លី ជុន ហូ (Lee Jun-ho) តារាសម្តែងប្រុសដែលមានភាពល្បីល្បាញតាមរយៈខ្សែភាពយន្តរឿង ឌឹ រ៉េត ស្លីវ (The Red Sleeve) និង ឃីង ឌឹ ឡែនដ៍ (King The Land) នឹងត្រូវដើរតួជា “ខាងថេយ៉ុង” គឺកូនប្រុសដែលកើតនៅក្នុងត្រកូលអ្នកខ្ពង់ខ្ពស់មួយ ប៉ុន្តែដោយសារវិបត្តិ IMF បានធ្វើឱ្យគេក្រោកឡើងមកតស៊ូដើម្បីស្តារមុខមាត់ក្រុមហ៊ុនគ្រួសាររបស់គេ។
ខ្សែភាពយន្ត ធីហ្វុន ខមផេនី (Typhoon Company) ក្រោយពេលបញ្ចប់ការថត នឹងធ្វើការចាក់បញ្ចាំងនៅពាក់កណ្តាលឆ្នាំ ២០២៥ នៅលើប៉ុស្តិ៍ទូរទស្សន៍ TvN៕