ចាត់ទុកថាជាដំណឹងដ៏សោកសៅទៀតហើយសម្រាប់វិស័យឧស្សាហកម្មកម្សាន្តចិន នៅពេលដែលមានការរាយការណ៍មួយថា លាង យូឆើង (Liang Youcheng) តារាសម្តែងប្រុសវ័យ ២៧ ឆ្នាំ បានបាត់បង់ជីវិត ដោយការឆ្លងមេរោគនៅក្នុងប្រព័ន្ធប្រសាទកណ្តាល។
នេះបើយោងតាមការឱ្យដឹងពីសារពត៌មានក្នុងស្រុកមួយឈ្មោះថា សូហ៊ូ (Sohu) បានរាយការណ៍មកថា មូលហេតុដែលបណ្តាលឱ្យមានការបាត់បង់ជីវិតរបស់តារាប្រុសរូបនេះ កើតមកពីការឆ្លងមេរោគនៅក្នុងប្រព័ន្ធប្រាសាទកណ្តាល ដោយ លាង យូឆើង (Liang Youcheng) គិតថាវាគ្រាន់តែជាការកើតជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ ប៉ុន្តែអាការកាន់តែអាក្រក់ទៅយ៉ាងឆាប់រហ័ស និងបានកើតមានការឆ្លងមេរោគនៅក្នុងប្រព័ន្ធប្រសាទកណ្តាលតែម្តង។
ស្របពេលជាមួយគ្នានេះ មិត្តភក្ត្រជិតស្និទ្ធម្នាក់របស់ លាង យូឆើង (Liang Youcheng) បានបង្ហោះសារមួយឱ្យដឹងនៅលើបណ្តាញសង្គមថា ដំបូងឡើយ យូឆើង គិតថាវាគ្រាន់តែជាការកើតជំងឺផ្តាសាយធម្មតានោះទេ ដោយមិនគិតថារោគសញ្ញានឹងវិវត្តទៅលឿនយ៉ាងឆាប់រហ័សបែបនេះសោះ។ គេក៏បានបន្តទៀតថា ពេលដែល យូឆើង ស្លាប់ គ្មានអ្នកណាម្នាក់នៅក្បែរគេឡើយ ពោលគឺស្លាប់តែម្នាក់ឯងនៅក្នុងមន្ទីរពេទ្យ។
គួរឱ្យដឹងដែរថា លាង យូឆើង (Liang Youcheng) បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ក្នុងនោះតារាប្រុសរូបនេះក៏បានសម្តែងភាពយន្តល្បីៗជាច្រើនរឿងផងដែរ៕