ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា លោក ណាវ៉ាត់ អ៊ីសារៈក្រៃស៊ីល ដែលជាម្ចាស់ក្រុមហ៊ុន MGI កន្លងមកតែងតែនិយាយលើកសរសើរពីកម្មវិធីខ្លួនឯងថា មួយនិងមានតែមួយនៅលើពិភពលោក និងជានិច្ចជាកាលលោក និងក្រុមការងាររបស់លោកតែងតែនិយាយផ្លែផ្កាឱ្យស្ថាប័នបវរកញ្ញាចក្កវាឡរហូតមក។ ដោយឡែក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ កើតមានរឿងមួយដែលមហាជននឹកស្មានមិនដល់ ដោយលោកបានទិញយក Miss Universe Thailand មកគ្រប់គ្រងរហូតដល់ទៅ ៥ ឆ្នាំឯណោះ ដោយរាប់ចាប់តាំងពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ក្នុងទំហំទឹកប្រាក់ ១៨០ លានបាត ប្រហែលជាជាង ៥ លានដុល្លារអាមេរិក។
យ៉ាងណាមិញ អ្នកស្រី ពុយ សានកុស៊ិក ដែលជាអ្នកគ្រប់គ្រងការរៀបចំការប្រកួត Miss Universe Thailand នាពេលកន្លងមក ពោលគឺចាប់ពីឆ្នាំ ២០១៩ ដល់ ឆ្នាំ២០២៤ ក៏បានចេញមកបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយនិយាយរៀបរាប់ យ៉ាងដូច្នេះថា “សូមចូលរួមសម្តែងក្តីត្រេកអរផង ការផ្លាស់ប្តូររមែងកើតមានឡើងវាគឺជារឿងធម្មជាតិ យើងមានមោទកភាពនូវអ្វីដែលយើងបានធ្វើកន្លងមក និងធ្វើដោយសេចក្តីស្រឡាញ់”។
សូមរំលឹកថា ការរៀបចំការប្រកួត Miss Universe Thailand ឆ្នាំ ២០២៥ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ណាវ៉ាត់ អ៊ីសារៈក្រៃស៊ីល ដែលជាម្ចាស់ក្រុមហ៊ុន MGI និងរហូតដល់ឆ្នាំ ២០៣០ ដែលមានរយៈពេល ៥ ឆ្នាំ៕