បវរកញ្ញាខ្មែរកើតនៅលើទឹកដីនៃប្រទេសមហាអំណាចអាមេរិក មាលាយ៉ាន់នីតា សេង នឹងត្រូវទទួលភារកិច្ចដ៏ធំមួយក្នុងការតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតប្រជែងសម្រស់នៅលើវេទិកា មីស ស៊ុភើ ថាលិន អ៊ហ្វ ឌឹ វើល (Miss Supertalent of the World) ឆ្នាំ ២០២៥ ដែលប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។ តាមរយៈការផ្តល់បទសំភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា នៅក្នុងឆ្នាំនេះការប្រកួតសម្រស់នៅក្នុងកម្មវិធីខាងលើ នឹងមានបវរកញ្ញាមកពីជុំវិញពិភពលោកលើសពី ២៥ ប្រទេស ដែលការប្រកួតនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ មាលាយ៉ាន់នីតា សេង ក៏បានបន្តទៀតថា ក្នុងការតំណាងឱ្យប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិមួយនេះ មិនត្រឹមតែជាភារកិច្ចដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែក៏មានមោទកភាពខ្លាំងណាស់ដែរ ព្រោះក្រៅពីបានបង្ហាញសមត្ថភាពនៅលើឆាកប្រកួតហើយនោះ ក៏នឹងមានការបង្ហាញពីវប្បធម៌ខ្មែរផងដែរ។ យ៉ាងណាមិញ ក្រៅពីមានរូបសម្រស់ដ៏ស្រស់ស្អាត គួបផ្សំនឹងការមានចំណេះដឹងល្អហើយនោះ បវរកញ្ញារូបនេះ សន្យាថានឹងយកជ័យជំនះជូនប្រទេសកម្ពុជាឱ្យបាន ដោយបានដាក់ក្តីរំពឹងយ៉ាងខ្លាំងក្លាថានឹងអាចឈ្នះមកុដធំថែមទៀតផង។
គួរឱ្យដឹងថា មាលាយ៉ាន់នីតា សេង គឺជាអតីតម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធី មីស ខេមបូឌា អឹមេរិកខេន (Miss Cambodian American) ឆ្នាំ ២០១៦ និងជាបេក្ខនារីកំពូលទាំង៥ នៃកម្មវិធីកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ ២០២៤ ផងដែរ ហើយបវរកញ្ញារូបនេះនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី មីស ស៊ុភើ ថាលិន អ៊ហ្វ ឌឹ វើល (Miss Supertalent of the World) ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥៕