កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៤ ការប្រកួតសម្រស់ដ៏ធំបំផុតនៅលើពិភពលោក បវរកញ្ញាចក្កវាឡលើកទី ៧៣ បានរៀបចំធ្វើឡើងនៅឯប្រទេសម៉ិកស៊ិកូ ដែលកាលនោះមានបេក្ខនារីចូលរួមប្រកួតសរុប១២៥នាក់។ ជាក់ស្តែង អ្នកនាង ប្រាសាទ ដាវីន ដែលជាស្ត្រីនៃចក្កវាឡកម្ពុជាជំនាន់ទី៨ ក៏បានទម្លុះទ្វារនៃចក្កវាឡ ចូលទៅកាន់តំណែងកំពូល ៣០ រូប ដែលជាកំណត់ត្រាថ្មីនិងលើកដំបូងបង្អស់របស់ បវរកញ្ញាចក្រវាឡកម្ពុជាផងដែរ។ ដោយឡែក ក្រោយពេលប្រកួតចប់ ស្ថាប័នបវរកញ្ញាចក្កវាឡ មិនបានប្រកាសភ្លាមៗនោះទេ នូវម្ចាស់ផ្ទះសម្រាប់រៀបចំការប្រកួតនៅលើកទី ៧៤។ ប៉ុន្តែយ៉ាងណាមិញ ក្រោយពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារពីអ្នកស្នេហាវិស័យប្រកួតបវរកញ្ញានៅទូទាំងពិភពលោក ពេលនេះខាងស្ថាប័នបានចេញមកប្រកាសជាផ្លូវការហើយថា ប្រទេសថៃ នឹងរៀបចំការប្រកួត បវរកញ្ញាចក្កវាឡ លើកទី ៧៤ នេះ។ ចាត់ទុកថាជាដំណឹងដ៏រីករាយ និងរំភើបបំផុតសម្រាប់អ្នកគាំទ្រ ព្រោះពួកគេតែងតែរំពឹងចង់ឱ្យមានការប្រកួតម្តងទៀតនៅក្នុងប្រទេសមួយនេះ ពោលគឺកាលពីឆ្នាំ ២០១៨ ប្រទេសថៃធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តងរួចមកហើយ ដែលកាលនោះ ការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសថៃសម្រាប់ការប្រកួត បវរកញ្ញាចក្កវាឡ ទទួលបានការសាទរជាខ្លាំងពីបណ្តាអ្នកគាំទ្រនៅជុំវិញពិភពលោក។
គួរឱ្យដឹងបន្ថែមទៀតដែរថា ការប្រកួត បវរកញ្ញាចក្កវាឡ លើកទី ៧៤ នៅឯប្រទេសថៃនេះ នឹងធ្វើឡើងរយៈពេលមួយខែពេញ ចាប់ពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលទីតាំងនៃការរៀបចំប្រកួតមានបីធំៗក្នុងគឺនៅក្នុងទីក្រុងបាងកក ទីក្រុងផាត់ថាយ៉ា និងខេត្តភូកេត៕