ម្ចាស់បទ “មាន់ស្រែ” កញ្ញា រ៉ាប៊ី ថ្មីៗនេះបាននឹងកំពុងត្រៀមបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ កំពុងទទួលបានការគាំទ្រនៅលើបណ្តាញសង្គមជាខ្លាំង។ បទថ្មីដែលត្រៀមនឹងបញ្ចេញនេះ បានការចូលរួមសម្តែងពី សារុំសំអាងការមកពីប្រទេសថៃផងដែរ ដែលនឹងញ៉ាំងឱ្យបទមួយនេះកាន់តែមានភាពទាក់ទាញថែមទៀត។ ជាក់ស្តែង ត្រឹមតែខ្លីបខ្លីមួយដែលកញ្ញារ៉ាប៊ីបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ដោយត្រឹមតែរយៈពេល១៥ម៉ោង មានអ្នកចុច Like លើសពី ២៦ ពាន់នាក់ទៅហើយ។

យ៉ាងណាមិញនៅក្នុងវីដេអូខ្លីបមួយនោះ បានឱ្យដឹងថា កញ្ញា រ៉ាប៊ី បានជះលុយរហូតដល់ទៅ ១៥០០ ដុល្លារក្នុងមួយថ្ងៃ ដើម្បីជួលសារុំសំអាងការ មកពីប្រទេសថៃដើម្បីថត MV ថ្មីរបស់ខ្លួន។ មិនត្រឹមតែជួលសារុំសំអាងការក្នុងតម្លៃខាងលើប៉ុណ្ណោះទេ រ៉ាប៊ី ថែមទាំងចេញថ្លៃសំបុត្រយន្តហោះដើម្បីឱ្យសារុំសំអាងការធ្វើដំណើរមកពីប្រទេសថៃផងដែរ។

គួរឱ្យដឹងថា បទថ្មីដែលត្រៀមនឹងបញ្ចេញនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះមានចំណងជើងថា “រាំតាមយាយប៊ី”។ ដោយឡែកនាពេលកន្លងមកបទជាច្រើនរបស់កញ្ញា រ៉ាប៊ី ក៏តែងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនផងដែរ ដោយក្នុងនោះមានបទដូចជា “មាន់ស្រែ”, បទ “រាំរង្គើៗ” និងបទ “ស្រារាំ” ជាដើម៕