ចាត់ទុកថាជាដំណឹងល្អ ស្វាគមន៍ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដោយកាលពីពេលថ្មីៗនេះតារាចម្រៀងស្រី ណេត ប៉ាណាត់សាយ៉ា (Nett Panasaya) បេក្ខភាពចេញពីការប្រលងចម្រៀង ឌឹស្តារ (The Star) ឆ្នាំទី១២ ប្រទេសថៃ និងជាអតីតក្រុមចម្រៀងនារី ខេនឌី ម៉ាហ្វៀ (Candy Mafia) ត្រូវបានជីហូ សមាជិកក្រុម XIS លត់ជង្គង់សុំរៀបការ ក្រោយពេលស្រឡាញ់គ្នាអស់រយៈពេល ១១ ឆ្នាំ។
ទន្ទឹមនឹងនេះ នៅលើគណនេយ្យ Instagram របស់តារាស្រីរូបនេះ បានបង្ហោះរូបភាពដែលមិត្តប្រុសរបស់ខ្លួនបានសុំរៀបការ និងសរសេរសារមួយដ៏មានអត្ថន័យយ៉ាងដូច្នេះថា “១១ ឆ្នាំហើយបងសម្លាញ់ កាលពីអាយុ ១៨ ឆ្នាំ បងពាក់ឈុតសិស្សសាលា ទិញខ្នើយ មកពញ្ញាក់អារម្មណ៍អូនសុំធ្វើជាសង្សារ ហើយមកដល់ថ្ងៃនេះបងបានមកពញ្ញាក់អារម្មណ៍អូនម្តងទៀត ដោយការលត់ជង្គង់សុំរៀបការ ព្រមទាំងបំពាក់ចិញ្ចៀនពេជ្រឱ្យផងដែរ វាហាក់ដូចជាការយល់សប្តិអ៊ីចឹង សប្បាយចិត្តណាស់ដែលមកដល់ថ្ងៃនេះបងនៅតែជាមនុស្សល្អដូចមុនដដែល យើងកំពុងតែក្លាយទៅជាមនុស្សចាស់ចិត្តចាស់គំនិតថែមមួយកម្រិតទៀតហើយ អរគុណដែលមើលថែគ្នាបានយ៉ាងល្អចាប់តាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃនេះ អរគុណសម្រាប់ការធ្វើឱ្យសប្បាយចិត្តគ្រប់ៗរឿង អរគុណដែលធ្វើឱ្យអូនកាន់តែស្រឡាញ់បងខ្លាំងឡើងៗជារៀងរាល់ថ្ងៃ”។
យ៉ាងណាមិញ ក្រោយពេលពួកគេបានបង្ហាញរូបភាពផ្អែមល្ហែមទាំងនេះ នៅបណ្តាញសង្គមរួចមក មានមិត្តសិល្បៈ និងអ្នកគាំទ្រជាច្រើនបានចូលទៅសម្តែងក្តីត្រេកអរចំពោះស្នេហារបស់ពួកគេផងដែរ៕