ជាការពិតណាស់ លោក NickNok ដែលជាអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាព ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់នៅលើបណ្តាញសង្គម TikTok តាមរយៈការបង្កើតវីដេអូសប្បាយៗជាមួយក្រុមគ្រួសាររបស់លោក។ ទន្ទឹមនឹងភាពជោគជ័យពីការបង្កើតវីដេអូសើចសប្បាយហើយនោះ លោកក៏បានងាកទៅផលិតបទចម្រៀង Original Song ផ្ទាល់ខ្លួន ដែលបទដំបូងរបស់លោកមានឈ្មោះថា “គ្មានអូនបងគ្មានក្តីសុខ” ដោយបទមួយនេះ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីមហាជនផងដែរ ពោលគឺត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ មានអ្នកទស្សនាលើសពី ៥ លានដងហើយនៅលើ YouTube។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកបង្កើតមាតិកាខាងលើ ហាក់មានការអាក់អន់ស្រពន់ចិត្ត ដោយមានអ្នកយកបទរបស់ខ្លួនទៅដាក់ Copyright ដោយមិនគោរពដល់សិទ្ធិរបស់ម្ចាស់ដើមនោះឡើយ។ តាមរយៈវីដេអូរបស់លោក NickNok ចេញមករៀបរាប់ពីការយកបទចម្រៀងរបស់លោកទៅដាក់ Copyright នោះ លោកបានឱ្យដឹងថា លោកខំចំណាយលុយដើម្បីធ្វើបទមួយនោះឡើងមក ប៉ុន្តែនៅសុខៗស្រាប់តែមានគេយកបទដែលខ្លួនខំផលិតទៅដាក់ Copyright ទៅវិញ។ លោកបានឱ្យដឹងទៀតថា ក្រោយពេលដែលគេបានលួចយកទៅដាក់ Copyright រួចមក លោកបានបាត់បង់ចំណូលពី YouTube ហើយសូម្បីតែ Credit រូបភាពក៏គ្មានដាក់ឱ្យម្ចាស់បទដើមផងដែរ។

យ៉ាងណាមិញ លោកក៏បានសុំមតិពីបងប្អូន ពាក់ព័ន្ធនឹងការយកបទរបស់លោកទៅដាក់ជា Copyright នេះ ថាតើគួរធ្វើយ៉ាងណាបន្តពាក់ព័ន្ធនឹងបញ្ហានេះ។