កណ្ដាល ៖
ម៉ូតូហុងដា PCX មួយគ្រឿង បើកបរត្រលប់ក្រោយមិនប្រយ័ត្ន បណ្ដាលឲ្យមុកជាមួយម៉ូតូហុងដាទ្រីម C-125 នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥:២៣នាទី នៅលើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមសមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX 125 ពណ៌ស ភ្នំពេញ ពាក់ផ្លាកលេខ ភ្នំពេញ1GK 2801 បើកបរដោយឈ្មោះ ឯក ង៉ែត ភេទស្រី អាយុ៤៩ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកឫស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង។
ពេលបើកមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូ PCX បានបត់ត្រឡប់ក្រោយ ហើយបើកបញ្ច្រាសទិស។ ពេលនោះ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាទ្រីម C-125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1kD2881បើកបរដោយឈ្មោះ ណែម រ៉ាយុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ និង រួមដំណើរដោយឈ្មោះ លឹមប៊ុនលី ភេទប្រុស អាយុ១៦ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏បានបុកអ្នកបើកបរម៉ូតូ PCX ដែលបានបើកត្រឡប់ក្រោយ។ ករណីខាងលើនេះ បណ្ដាលឲ្យរងរបួសធ្ងន់មនុស្សចំនួន០3 នាក់។
ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំណែកអ្នករងរបួសទាំង០៣នាក់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញរៀងៗខ្លួន៕