តារាចម្រៀងរ៉េបវ័យក្មេងដ៏មានទេពកោសល្យ និងជាម្ចាស់ពានពីកម្មវិធី ឌឹ រ៉េបភើ ខេមបូឌា (The Rapper Cambodia) រដូវកាលទី១ YuuHai - យូហៃ កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរ៉េបរូបនេះ បានបង្ហោះនូវដំណឹងដ៏រំភើបមួយជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួន។
ដំណឹងដ៏រំភើបដែល យូហៃ បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននោះ គឺឆាប់ៗខាងមុខនេះ លោកនឹងត្រូវទៅសម្តែងជាលើកដំបូងនៅក្នុងទីក្រុងឡូសអាន់ជ័រលេស (Los Angeles) សហរដ្ឋអាមេរិក ក្នុងមហោស្រពតន្ត្រី សាបាយឌី ហ្វេស (Sabaidee Fest)។ តាមរយៈការបង្ហោះនេះ តារាចម្រៀងរ៉េបខាងលើបានរៀបរាប់យ៉ាងដូច្នេះថា “ជាលើកទីមួយរបស់ខ្ញុំដែលបានទៅសម្តែងបទរបស់ខ្ញុំ នៅមហោស្រពតន្ត្រី សាបាយឌីហ្វេស (Sabaidee Fest) នៅ គ្លូរៀ ម៉ូលីណា ហ្គ្រេន ផាក (Gloria Molina Grand Park) ទីក្រុង ឡូសអាន់ជ័រលេស (Los Angeles) សហរដ្ឋអាមេរិក នាថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ជូនបងប្អូនខ្មែរនៅក្រៅប្រទេស។ វាជាក្តីស្រមៃដ៏ធំមួយ ហើយពិតជាអរគុណទៅដល់វត្តមានអ្នកគាំទ្រទាំងអស់ដែលតែងតែស្រលាញ់គាំទ្រខ្ញុំតាំងពីថ្ងៃទីមួយដែលខ្ញុំបានឈានចូលវិស័យសិល្បៈ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តជាមួយការវិវត្តន៍របស់ខ្ញុំនៅក្នុងវិស័យតន្ត្រីដែលនឹងមានជាបន្តបន្ទាប់”។
គួរឱ្យដឹងថា ក្រោយពេលបានជាប់ជាម្ចាស់ពាន ឌឹ រ៉េបភើ ខេមបូឌា (The Rapper Cambodia) រដូវកាលទី១ រួចមក យូហៃបានបញ្ចេញបទចម្រៀងថ្មីៗជាហូរហែ ដែលក្នុងនោះបទចម្រៀងល្បីៗ និងមានមហាជនគាំទ្រច្រើននាពេលកន្លងមក មានដូចជា បទ “រ៉-Raw”, បទ “ម្តងហើយម្តងទៀត”, និងបទ “ស៊ីជម្ពូ” ជាដើម៕