ភ្នំពេញ ៖
អធិការរងម្នាក់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើករថយន្តLexus ដឹកប្រពន្ធនិងកូនៗ ក្នុងល្បឿនលឿន រេចង្កូតធ្លាក់ស្ពាន ក្រឡាប់ចូលស្ទឹង ស្លាប់កូនស្រីម្នាក់ របួសធ្ងន់ស្រាល៤នាក់ ។ ហេតុការណ៍នេះ កើតឡើងនៅតាមផ្លូវជាតិលេខ២ ចំណុចស្ពានបាក់ ក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលា១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
សពក្មេងស្រីមានឈ្មោះ៖ លី ហ្គួចជូ ភេទស្រី អាយុ ១៤ឆ្នាំ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2AU-8503 ជិះជាលក្ខណៈគ្រួសារ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ស្ពាន ក្រឡាប់ចូលស្ទឹង បណ្តាលឱ្យ ស្លាប់ក្មេងស្រីម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ទៀត ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍សហការជាមួយ ផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះអន្តរាគមន៍ និងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ៕